តូចចិត្តប្រពន្ធកូនរត់ចោល លេបថ្នាំប៉ុនប៉ងបញ្ចប់ជីវិត ប៉ុន្តែមិនបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ ក្រោយពីប្រពន្ធ-កូននាំគ្នារត់ចោលអស់ ហើយគ្មានសង្ឃឹមរស់នៅទៀត ក៏បែកគំនិតប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដោយលេបថ្នាំជាច្រើនគ្រាប់ តែមិនស្លាប់ ធ្វើឲ្យដេកសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចគាស់ទ្វារចូលទៅជួយដឹកបញ្ជូនទៅពេទ្យ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ អ្នកជិតខាងបានឲ្យដឹងថា បុរសនេះឈ្មោះ ប្រាក់ ចន្ថា អាយុ៥៦ឆ្នាំ មានប្រពន្ធ និងកូន៣នាក់។

អ្នកជិតខាងបានឲ្យដឹងទៀតថា បុរសខាងលើ ចូលចិត្តផឹកស្រា ថ្ងៃណាក៏ស្រវឹង ពេលដែលបានស្រវឹងហើយ តែងតែវាយធ្វើបាបប្រពន្ធកូន រហូតដល់ទ្រាំលែងបាន ប្រពន្ធនាំកូន៣នាក់ចុះចោលបាត់ អស់រយៈពេល២ថ្ងៃកន្លងមកហើយ។ ប្រភពដដែលបានបន្តទៀតថា នៅព្រឹកមុនកើតហេតុ គេឃើញបុរសខាងលើ កាន់ថ្នាំជាច្រើនបន្ទះមកអង្គុយហែកប្រលេះខាងមុខផ្ទះ រួចក៏ដើរឡើងទៅលើផ្ទះបាត់។

លុះដល់វេលាម៉ោង១១និង២០នាទី មិនឃើញបុរសខាងលើ ចេញមកឡូឡាដូចសព្វដងទៀត ទើបសង្ស័យ ក៏ទៅគោះទ្វារហៅ តែមិនឆ្លើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ច រួមគ្នាជាមួយពលរដ្ឋជិតខាងគាស់ទ្វារចូលមើលជាក់ស្តែង បុរសនេះកំពុងក្នុងសភាពសន្លប់ដេកស្តូកបាត់ទៅហើយ។ សមត្ថកិច្ចបានហៅរថយន្តដឹកបញ្ជូនទៅគ្លីនិកឯកជនដើម្បីសង្គ្រោះតែម្ដង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner