កិច្ចប្រជុំវេទិកាអាស៊ានអភិបាលក្រុងបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា

ភ្នំពេញ ៖ តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ពីរ រួមមាន ទីមួយ សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង ទីពីរ សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពិកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះ បណ្តារាជធានីនិងរដ្ឋធានីអាស៊ាន បានជជែកគ្នា ចែករំលែកនូវបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យក្នុងការអភិវឌ្ឍរាជធានីរបស់ប្រទេសរៀងៗខ្លួន ជាពិសេសបានរំលេចចេញនៅសមិទ្ធផល នៃស្នាដៃការងារក្នុងការរអភិវឌ្ឍទីក្រុងរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដែលជាចក្ខុវិស័យក្នុងការអភិរឌ្ឍរដ្ឋធានីរបស់ខ្លួនឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ បណ្តារាជធានីនិងរដ្ឋធានីអាស៊ានទទួលបានបទពិសោធន៍អភិវឌ្ឍទីក្រុងជាច្រើន ដើម្បីប្រែក្លាយទៅជាទីក្រុងឆ្លាតវៃនិងមានភាពធន់ ជាពិសេសអាចដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ននិងទៅអនាគត ។

លោកបញ្ជាក់ថា ក្នុងនោះសង្កេតឃើញថា រាជធានី-រដ្ឋធានីទាំងអស់មានបញ្ហាប្រឈមមិនខុសគ្នាប៉ុន្មាននោះទេ ដែលកើតចេញពីការអភិវឌ្ឍទីក្រុង ដែលរួមមាន៖ បញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្រោងបៃតង បញ្ហាគំរាមគំហែងដោយគ្រោះធម្មជាតិ ជាពិសេសជំនន់ទឹកភ្លៀង និងបញ្ហានៃការអភិវឌ្ឍផ្សេងៗទៀត រួមទាំងការរៀបចំលំនៅដ្ឋានមិនសមរម្យសម្រាប់អ្នកចំណូលទាបផងដែរ ។

លោកបានបន្តថា បញ្ហាប្រឈមទាំងអស់នេះគឺបានលើកយកមកពិភាក្សា ចែករំលែកជាទស្សនៈ និងបទពិសោធន៍ល្អៗ រវាងរដ្ឋធានីនិងរាជធានី ។ ចំណុចនេះគឺជាចំណុចមួយដែលសំខាន់ ដែលរដ្ឋធានីរាជធានីទាំងអស់ បានគិតថា នេះជាចំណុចមួយដែលត្រូវចែករំលែកគ្នា ផ្តល់នូវអនុសាសន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីអភិវឌ្ឍទីក្រុងទាំងអស់នេះ ឱ្យក្លាយទៅជារដ្ឋធានី រាជធានី ដែលមានភាពទាក់ទាញខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ :ថេត វិចិត្រ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner