សម្ដេចក្រឡាហោមលើកទឹកចិត្តដល់រដ្ឋធានីវៀងចន្ទន៍ ក៏ដូចជារាជធានីភ្នំពេញបន្តជួប និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម អាតសាផាងផង ស៊ីផាដូន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួសមនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូឡាវនិងបានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) នាឱកាសនេះផងដែរ។ តាមរយៈនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះសម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សង្ឃឹមជឿជាក់ថា និងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលជាការរួមចំណែកតាមអ្វីដែលសហគមន៍អាស៊ានបានសម្រេចអនុវត្តរួមគ្នា គឺធ្វើយ៉ាងណាដើម្បី កសាងនូវសហគមន៍មួយដ៏មានអនាគត់រួមគ្នា។

នាឱកាសនោះសម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាប្រទេសភូមិផងរបងជាមួយគ្នា ហើយក៏ជាប្រទេសដែលមានទំនៀមទំលាប់ប្រពៃណីប្រហាក់ប្រហែលគ្នា ផ្អែកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានជាយូរលង់ជាមួយគ្នា ឈរលើមូលដ្ឋានទាំងនេះ សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពង្រឹងពង្រីកចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាកាន់តែខ្លាំងក្លាថែមទៀត។ សម្តេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូន ឯកឧត្តម អភិបាលរដ្ឋធានីវៀងចន្ទន៍ និងប្រតិភូ ផងដែរថា ចំពោះក្រសួងមហាផ្ទៃ ក៏តែងមានកិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវ យ៉ាងល្អប្រសើរនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំខេត្តជាប់ព្រំដែន ក៏ដូចជាកិច្ចប្រជុំក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលមានក្រសួងមហាផ្ទៃកម្ពុជា ជាមួយនិងក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីទាំងពីរតែងបានបន្តផ្សារភ្ជាប់ទំនាក់ទំនង ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏បានជួបប្រជុំជាមួយគ្នាតាមកាលកំណត់ តាមរយៈប្រព័ន្ធវីដអូដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។ សម្ដេចក៏បានបញ្ជាក់ដែរថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ ធ្វើយ៉ាងណាថែរក្សាបរិយាកាសសន្តិសុខបានល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ រួមចំណែកដល់ការពង្រីកទំនាក់ទំនង និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសរវាងពលដ្ឋរស់នៅតាមព្រំដែន។
ឯកឧត្តម អភិបាលរដ្ឋធានីវៀងចន្ទន៍ ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថា ក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០០៦មក ហើយចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសក្នុងរយៈពេលកន្លងមក ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរប្រតិភូចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅលើវិស័យអប់រំ និងការអភិវឌ្ឍ។

ឯកឧត្តមបានជម្រាបជូនសម្ដេចពីការកត់សម្គាល់ និងមើលឃើញការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនរបស់រាជធានីភ្នំពេញ ហើយឯកឧត្តមបានចាត់ទុកថានេះជាបទពិសោធន៍មួយសម្រាប់រដ្ឋធានីវៀងចន្ទន៍ធ្វើការផ្លាស់ប្ដូរជាមួយកម្ពុជា ដើម្បីរួមចំណែកយកបទពិសោធន៍នេះទៅបន្តអភិវឌ្ឍន៍រដ្ឋធានីវៀងចន្ទន៍បន្ថែមទៀត។ ឯកឧត្តមបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋធានី និងរាជធានីនៃប្រទេសសមាជិកអាស៊ាន ដើម្បីរួមសហការគ្នាអភិវឌ្ឍន៍ទីក្រុងសហគមន៍អាស៊ានឱ្យមានការរីកចម្រើន។
សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់រដ្ឋធានីវៀងចន្ទន៍ ក៏ដូចជារាជធានីភ្នំពេញបន្តជួប និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ដើម្បីជួយធ្វើឱ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលរាជធានី និងរដ្ឋធានីនៃប្រទេសទាំងពីរកាន់តែទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរថែមទៀត។ ដោយ៖ រ៉ាវុធ