គណៈមេប្រយោគនិងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗត្រៀមសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល ប្រចាំរាជធានី-ខេត្តនីមួយៗ រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដើម្បីឱ្យការប្រឡងនៅថ្ងៃទី៥-៦ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យមតាមមណ្ឌលប្រឡងនេះដោយបានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ការរក្សាបនូវអនាម័យ និងសុវត្ថិភាព ជាដើម។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ





