បេក្ខជនប្រឡងបាក់ឌុបកំភ្លេចទៅមើលបញ្ជីឈ្មោះ លេខតុ លេខបន្ទប់នៅម៉ោង៩ព្រឹកថ្ងៃនេះ
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ប្រាប់ដល់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡង នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២នេះ។
ក្រសួងអប់រំបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា”បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗ ទាក់ទង នឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងចាប់ពីម៉ោង ៩:០០ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២” ។
បើតាមក្រសួងអប់រំបានឱ្យដឹងដែរថា ៖ ចំពោះ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជាសន្លឹកក្រដាសចែកជូនបេក្ខជន។
គួរបញ្ជាក់ថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ