សហគមន៍ចិញ្ចឹមគ្រំចំពុះទាអំពាវនាវរកទីផ្សារក្នុងស្រុក ខណៈមិនចង់ពឹងផ្អែកលើទីផ្សារក្រៅស្រុក ខ្លាំងពេក

កោះកុង:
គ្រំចំពុះទា គឺជាអាហារសមុទ្រប្រចាំទឹកដីខេត្តកោះកុង ដែលល្បីល្បាញថាមានរសជាតិឆ្ញាញ់ និងជាប្រ ភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងសហគមន៍ការពារធម្មជាតិពាមក្រសោប។ ប្រជាជននៅ តំបន់នេះបានចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាតាំងតែពីឆ្នាំ ១៩៩៣ មកម្លេះ ប៉ុន្តែដោយឡែកកាលណោះ ទីផ្សារគឺពឹងទាំងស្រុងលើប្រទេសថៃ។
ពីមួយឆ្នាំ ទៅមួយឆ្នាំប្រជាជនដែលរស់នៅក្នុងតំបន់នេះបានងាកមកចិញ្ចឹមគ្រំចំពុះទាកាន់តែច្រើន ដោយបានឃើញពីទីផ្សារល្អ។ បើទោះបីជាក្រសួងពាក់ព័ន្ធព្យាយាមធ្វើសកម្មភាពផ្សព្វ ផ្សាយរក ទីផ្សារនៅក្នុងស្រុកបន្ថែមក្ដី បច្ចុប្បន្នប្រជាសហគមន៍ពាមក្រសោប នៅតែពឹងផ្អែកលើការនាំចេញ ទៅប្រទេសថៃ ដែលមានរហូតទៅដល់៧៥% នៃការនាំចេញឯណោះ។

លោក វង្ស តារា អនុប្រធានសហគម៍ការពារធម្មជាតិពាមក្រសោបបានកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ការបញ្ជាទិញពីឈ្មួញថៃបានចាប់ផ្ដើមថយចុះ ដែលនាំឱ្យរូបលោក និងប្រជាសហគមន៍ដទៃទៀតមានការព្រួយបារម្ភជាខ្លាំង។
អនុប្រធានសហគមន៍រូបនេះបានរៀបរាប់ថា៖ «ទីផ្សារនៅថៃបច្ចុប្បន្នលុះត្រាតែនៅក្នុងស្រុកគេផ្គត់ ផ្គង់មិនគ្រប់គ្រាន់ទើបគេទិញយើង ដូច្នេះហើយយើងមិនអាចពឹងផ្អែកលើទីផ្សារគេទៀតទេ។»
លោកបន្តថា៖ «ជារឿងល្អប្រសិនបើទីផ្សារក្នុងស្រុកយើងកើនឡើង ព្រោះវាមានភាពងាយស្រួលជាង និងមានទំនុកចិត្តជាងទីផ្សារខាងក្រៅ ម្យ៉ាងទៀតក៏យើងមិនសូវចំណាយពេលច្រើនលើការដឹកជញ្ជូន ដែរ។»
លោកបានបន្តរៀបរាប់ថា ការនាំចេញទៅទីផ្សារខាងក្រៅក៏មិនងាយស្រួលប៉ុន្មានដែរ ដោយហេតុថា គ្រំចំពុះទានេះអាចរស់បានត្រឹមតែ២៤ម៉ោងក្រោយពេលលើកចេញពីទឹកប៉ុណ្ណោះ។ ដូច្នេះ ត្រូវធានា ថាការដឹកជញ្ចូនត្រូវតែលឿន ទើបអតិថិជនអាចទទួលបានរសជាតិឆ្ញាញ់ពិសា។
បើតាមការឱ្យដឹងបន្ថែមរបស់អនុប្រធាសហគមន៍រូបនេះ បច្ចុប្បន្នមានប្រជាជនចំនួន ១១៥គ្រួសារ ហើយដែលកំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដោយពួកគេប្រមូលផលតាមរដូវដូចជាធ្វើស្រែដូច្នោះ ដែរ។ បើគិតពីទំហំនៃការលក់ចេញវិញ លោកបានបញ្ជាក់ថាក្នុងមួយឆ្នាំសហគមន៍របស់លោកអាច នាំចេញបានរហូតដល់ ២ទៅ៣ពាន់តោន ដែលមាននាំចេញទៅទីផ្សារប្រទេសថៃ៧៥% វៀតណាម១៥% និងក្នុងស្រុក១០%។
ដោយឡែក ទីផ្សារក្នុងស្រុកចំនួន១០%នេះ ក៏មានការកើនឡើងជាដំណាក់កាលផងដែរ បើធៀបទៅនឹងពេលមុនៗ។ កើនឡើងក៏ដោយសារតែការផ្សព្វផ្សាយកាន់តែទូលាយ រីឯប្រជាជនក៏ ចូលចិត្តរសជាតិរបស់គ្រំប្រភេទនេះផងដែរ។
យ៉ាងណាមិញ ក្រសួងពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានចេញសកម្មភាពចុះជួយ ផ្សព្វផ្សាយ និងស្វែងរកទីផ្សារក្នុងស្រុកជូនសហគមន៍ដដែលនេះជាបន្តបន្ទាប់។ កន្លងមក គ្រំប្រភេទ នេះមានវត្តមាននៅក្នុងផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញផងដែរ ដែលនេះជាជំហានមួយក្នុងការ គាំទ្រ ផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ការជួយរកទីផ្សារក្នុងស្រុកបែបនេះមិនត្រឹមតែជួយសហគមន៍ប៉ុណ្ណោះទេ តែក៏អាចជាចំណែកក្នុងការ ជួយថែរក្សាដើមកោងកាងដែលជាជម្រករបស់គ្រំប្រភេទនេះផងដែរ។
គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង ជាទូទៅអាចប្រមូល ផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយ ផ្អែកទៅ លើកត្តានៃ តម្រូវការពីទីផ្សារ។ គ្រំប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ដែរ ដោយវារស់នៅធំធាត់ បានដោយស្វ័យជីវិតក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់ ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។

គ្រំចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទដូចជា ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ជាដើម តែប្រជាជនកម្ពុជាចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ៕

ដោយ:កែវ បុស្បា

ads banner