លោក ចូ បៃដិន ​បង្កើតកំហុស​ដូច​លោក ដូណាល់ ត្រាំ ជុំវិញយុទ្ធសាស្ត្រទប់ទល់ជាមួយចិន

ភាពស្រដៀងគ្នាជាច្រើនរវាងសង្រ្គាមត្រជាក់សហរដ្ឋអាមេរិក ជាមួយនឹងសហភាពសូវៀត និងសង្រ្គាមត្រជាក់ជាមួយប្រទេសចិន។ យ៉ាងណាក៏ដោយ ភាពខុសគ្នាដ៏សំខាន់មួយនោះគឺ សហរដ្ឋអាមេរិកមិនដែលមានទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅជាមួយសហភាពសូវៀតនោះទេ ផ្ទុយទៅវិញ ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតលំដាប់ទីបីរបស់អាមេរិក និងជាប្រភពនាំចូលដ៏ធំបំផុតក្នុងឆ្នាំ ២០២០។

ប្រទេសចិន ជាប្រទេសដែលផលិត និងផ្គត់ផ្គង់ទូរសព្ទដៃម៉ាក iPhone ទៅកាន់បណ្ដាប្រទេសស្ទើរពាក់កណ្តាលពិភពលោក ប៉ុន្តែសប្តាហ៍នេះកំណើនសេដ្ឋកិច្ចរបស់ចិនមានការធ្លាក់ចុះដោយសារតែគោលនយោបាយបិទខ្ទប់ពី​ការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើបាតុកម្មតវ៉ា ហើយក៏បាននាំឱ្យមានផលជះដល់ទីផ្សារហ៊ុនអាមេរិក ដែល​ធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុក។ ​

ទីក្រុងវ៉ាស៊ីនតោនត្រូវតែដើរលើផ្លូវដោយការប្រុងប្រយ័ត្នក្នុងការប្រឈមមុខជាមួយទីក្រុងប៉េកាំង គឺត្រូវធានាថា បច្ចេកវិទ្យារបស់ខ្លួននឹងមិនត្រូវក្លាយជាឧបករណ៍ជំនួយដល់យោធាចិននោះទេ ហើយត្រូវធានាឱ្យបាននូវសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកសំខាន់ៗដូចជា វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ជាដើម។ លើសពីនេះ អាមេរិកមិនគួរសង់ជញ្ជាំងរារាំងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននោះទេ។ បើទោះបីជាស្ថិតក្នុងកាលៈទេសៈនៃភាព​តានតឹង​ក៏​ដោយ ប៉ុន្តែការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយចិនត្រូវ​តែ​បន្តទៅមុខជានិច្ច។​

ការស្វែងរកតុល្យភាពឱ្យបានត្រឹមត្រូវរវាង «ការប្រឈមមុខដាក់គ្នា» និង «កិច្ចសហប្រតិបត្តិការ» ជាមួយប្រទេសចិន គឺពិបាកជាងការអនុវត្តគោលនយោបាយរាំងខ្ទប់ឥទ្ធិពលសហភាពសូវៀតទៅទៀត។ បច្ចុប្បន្ននេះ រដ្ឋបាលលោក បៃដិន កំពុងព្យាយាមស្វែងរកវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងដំណើរឆ្ពោះទៅរកការប្រាស្រ័យទាក់ទងជាមួយចិន។ យើងសង្កេតឃើញថា អាមេរិកប្រើប្រាស់បានល្អនូវវិធីសាស្ត្រ​សំខាន់ៗ​ពីរ និង​មិនបានល្អ​ចំនួន​មួយ។​

យុទ្ធសាស្ត្រដ៏ឈ្លាសវៃបំផុតដែលសភាអាមេរិកបានបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយនឹងចិន គឺការអនុម័តច្បាប់ស្ដីពីវិទ្យាសាស្ត្រ និងបន្ទះឈីប (Chips and Science Act) កាលពីខែសីហា។ ច្បាប់ថ្មីនេះនឹងដាក់ចេញនូវថវិកាចំនួន ២៨០ ប៊ីលានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បីបង្កើនការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ គោលដៅមួយដ៏សំខាន់នៃច្បាប់នេះ គឺការជំរុញការផលិតវត្ថុពាក់កណ្ដាលចម្លងនៅក្នុងស្រុក ព្រោះសព្វថ្ងៃនេះ សហរដ្ឋអាមេរិកអាចផលិតបានត្រឹមតែ ១២% នៃបន្ទះមីក្រូឈីបនៅលើពិភពលោកបើធៀបនឹងទសវត្សរ៍ឆ្នាំ ១៩៩០ អាមេរិកអាចផលិតបាន ៣៧%។ ច្បាប់នេះអាចជួយឱ្យសហរដ្ឋអាមេរិកប្រកួតប្រជែងជាមួយកោះតៃវ៉ាន់ ដែលជាកោះផលិតវត្ថុពាក់កណ្ដាលចម្លងច្រើនជាងគេបំផុតនៅលើពិភពលោក។​

យ៉ាងក៏ដោយ គេសង្កេតឃើញថានៅតែមានហានិភ័យពាក់ព័ន្ធនឹងគោលនយោបាយឧស្សាហកម្មមួយនេះ។ ឧទាហរណ៍ តើនឹងមានអ្វីកើតឡើងប្រសិនបើរដ្ឋាភិបាលគាំទ្រក្រុមហ៊ុន ឬបច្ចេកវិទ្យាខុស? ប៉ុន្តែ​ក្នុង​ករណី​នេះ សហរដ្ឋ​អាមេរិក​គ្មាន​ជម្រើស​ផ្សេង​ទៀត​ដើម្បី​ធានានូវ​សន្តិសុខ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើយ។​

កាលពីខែតុលា លោក បៃដិន បានដាក់ចេញបទប្បញ្ញត្តិហាមឃាត់ការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដែលនេះវាបង្ហាញឱ្យឃើញថាលោក បៃដិន កំពុងឈានជើងចូលលេងល្បែងពាណិជ្ជកម្មជាមួយចិន។ ការធ្វើបែបនេះ​ ដោ​យ​សារតែអាមេរិកជឿថា បច្ចេកវិទ្យាទំនើបដែលពលរដ្ឋអាមេរិកកំពុងប្រើប្រាស់នោះ ជាអាវុធបច្ចេកវិទ្យារបស់ចិន ប៉ុន្តែការទប់ស្កាត់បច្ចេកវិ​ទ្យា​ទាំងនោះពីការហូរចូលហាក់មិនអាចធ្វើទៅរួចនោះទេ ដូច្នេះក៏មិនអាចហាមការប្រើប្រាស់នេះក្នុងគោលបំណងយោធានោះដែរ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានពិពណ៌នាបទបញ្ជាប្រតិបត្តិរបស់លោក ចូ បៃដិន នេះថា ជាការប្រកាសសង្គ្រាមបច្ចេកវិទ្យា ហើយវាគឺជាសង្រ្គាមឯកតោភាគី។​

សហរដ្ឋអាមេរិកធ្លាប់សង្ឃឹមថា សម្ព័ន្ធមិត្តអន្តរជាតិនឹងមិនផ្គត់ផ្គង់បន្ទះឈីបទំនើបៗទៅកាន់ចិននោះទេ ប៉ុន្តែតួអង្គសំខាន់ៗនៅក្នុងចំ​ណោមបណ្ដាប្រទេសឧស្សាហកម្មធំៗ រួមមានប្រទេសហូឡង់ និងជប៉ុន បានរក្សាសិទ្ធិមិនធ្វើតាមវិធីសាស្រ្តរបស់អាមេរិកឡើយ។ ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​អាច​នឹង​មាន​ប្រតិកម្មអាក្រក់ត្រឡប់មកវិញ ​ប្រសិន​បើ​វា​នាំ​ឱ្យ​មាន​ភាព​តានតឹង​មិន​ត្រឹម​តែ​ជាមួយ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន​ផង​ដែរ។

ប្រទេសចិនអាចអភិវឌ្ឍសមត្ថភាពក្នុងការផលិតមីក្រូឈីបកម្រិតខ្ពស់បានលឿន ប្រសិនបើខ្លួនទទួលបានជំនួយពីបណ្ដាក្រុមហ៊ុនបរទេស។ ដើម្បីឱ្យសម្ព័ន្ធមិត្តព្រមដើរទន្ទឹមនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី បៃដិន ត្រូវតែធ្វើយ៉ាងណាឱ្យប្រទេសទាំងអស់នោះ ឃើញថាលោកមានចេតនារាំងខ្ទប់តែការគំរាមកំហែងផ្នែកយោធារបស់ប្រទេសចិនប៉ុណ្ណោះ មិនមែនសេដ្ឋកិច្ចរបស់ចិននោះទេ។​

ក្នុងឆ្នាំ ២០១៨ ប្រធានាធិបតី ដូណាល់ត្រាំ បានដំឡើងពន្ធនាំចូលពីចិនរហូតដល់ ២៥ ភាគរយទៅលើទំនិញពីរភាគបីនៃការនាំចូលសរុប ៣៣៥ ប៊ីលានដុល្លារអាមេរិក។ យុទ្ធសាស្ត្រនេះបានបរាជ័យ ដោយបណ្ដាលឱ្យអតិផរណាកើនឡើង ប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋអាមរិក កាត់បន្ថយការនាំចេញកសិផល បរាជ័យក្នុងការបង្កើនការងារផលិតកម្ម និងជះឥទ្ធិពលតិចតួចលើឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយចិន។

ការសិក្សាមួយបានប៉ាន់ប្រមាណថា អំឡុងពេលនោះ ពលរដ្ឋអាមេរិកបានបាត់បង់ការងារធ្វើប្រមាណជា ២៤៥.០០០ នាក់ ប៉ុន្តែលោក បៃដិន បានបដិសេធមិនលុបចោលយន្តការរបស់លោក ត្រាំ នោះទេ ដោយលោកចង់ឱ្យគេមើលឃើញថាលោកជាអ្នកការពារវណ្ណៈកណ្តាល ហើយមិនចង់ឱ្យគេមើលឃើញថាលោកមានភាពទន់ខ្សោយជាមួយប្រទេសចិននោះទេ។​

ការឱបក្រសោបនូវផ្នត់គំនិតគាំពារនិយមរបស់លោក បៃដិន បានរារាំងលោកពីការចូលរួមក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឡើងវិញ ដែលវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១២ ប្រទេស។

សូមរម្លឹកថា កិច្ចព្រមព្រៀងនេះធ្លាប់ត្រូវបានចរចាចូលរួមកាលពីរដ្ឋការលោក បារ៉ាក់ អូបាម៉ា ប៉ុន្តែក៏ត្រូវលោក ដូណាត្រាំ ដកខ្លួនចេញដោ​យមិនសមហេតុផលជាទីបំផុត។ ផ្ទុយទៅវិញ លោក បៃដិន បានចាប់ផ្តើមគម្រោងស្រដៀងគ្នាមួយដែលគ្មានប្រសិទ្ធភាពសោះឡើយ នោះ គឺក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ដែលនឹងត្រូវបរាជ័យនាពេលខាងមុខ ព្រោះវាមិ​ន​បានផ្តល់នូវការពង្រីកទីផ្សារសហរដ្ឋអាមេរិកនោះទេ។​

ទន្ទឹមនឹងនេះ លោក បៃដិន ក៏ទើបតែបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយដែលមានលក្ខណៈគាំពារនិយម។ ការធ្វើបែបនេះបានធ្វើឱ្យប្រទេសសម្ព័ន្ធមិត្តមានភាពអាក់អន់ស្រពន់ចិត្ត និងកាន់តែពិបាកក្នុងការរួមគ្នាប្រឆាំងនឹងប្រទេសចិន។ សេចក្ដីព្រាងច្បាប់នោះត្រូវបានគេស្គាល់ថា ជាច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) ដែលជាការផ្ដល់ឥណទានពន្ធចំនួន ៧ ៥០០ ដុល្លារ ក្នុងការយកទៅទិញរថយន្តអគ្គិសនីដែលដំឡើងរួចហើយនៅអាមេរិកខាងជើង។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង ជប៉ុន និងអាល្លឺម៉ង់ មានការខឹងសម្បារដោយពួកគេដឹងយ៉ាងច្បាស់ថា នឹងធ្លាក់ចុះកំណើននៃការលក់របស់ខ្លួន។​

ទោះយ៉ាងណា សហរដ្ឋអាមេរិកមិនមានការប្រឆាំងដោយបើកចំហរចំពោះភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលប្រទេសចិនបានចូលរួមសហប្រតិបត្តិការជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ក្នុងនោះក៏មានសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកផងដែរ ដូចជា កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលីជាដើម។ នៅក្នុងការប្រកួតប្រជែងពង្រីកពាណិជ្ជកម្មនេះ យើងសង្កេតឃើញថា វាមានភា​ពខុសគ្នាតិចតួចប៉ុណ្ណោះរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។​

គោលជំហររបស់គណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋវិញ មានការយល់ស្របគ្នាថា ការធ្វើពាណិជ្ជក​ម្មដោយសេរី ជាពិសេសជាមួយប្រទេសចិន ធ្វើឱ្យអាមេរិកខាតបង់ការងារជាច្រើន ប៉ុន្តែដូចដែលបានសង្ខេបនៅក្នុងអក្សរសិល្ប៍សេដ្ឋកិច្ចសាកលវិទ្យាល័យហាវើដ (Harvard Business Review) ថា «រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានបាត់បង់ការងារផ្នែកផលិតកម្មដោយសារលទ្ធផលនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែនិន្នាការនោះត្រូវបានបញ្ចប់ហើយ»។

ជាងនេះទៅទៀត សូម្បីតែនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក៏មានភ័ស្តុតាងដែលបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនបានបង្កើនការងារ ជាពិសេសបង្កើតការងារថ្មីៗក្នុងវិស័យសេវាកម្ម។​

សរុបជារួម លោក បៃដិន បានសម្រេចចិត្តត្រឹមត្រូវក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងកំណត់ការនាំចេញបន្ទះឈីបទំនើបទៅកាន់ប្រទេសចិន ប៉ុន្តែលោកកំពុងបង្កើតកំហុសដ៏ធំមួយដោយមិនខ្វាយខ្វល់ពីរឿងពាណិជ្ជកម្មសេរីទៅវិញ។ ប្រទេសចិនកំពុងសម្លឹងរកមើលការពង្រីកពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ហើយអាមេរិកក៏គួរតែធ្វើដូចគ្នា ជាជាងនៅស្ងៀមឥតប្រយោជន៍។ ប្រសិនបើ​អាមេរិក​ត្រូវ​ជាប់គាំង​ក្នុង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ជាមួយ​ចិន អាមេរិក​ត្រូវតែ​លេង​ដោយប្រើយុទ្ធសាស្ត្រ​វាយលុក និងការពារក្នុងពេលតែមួយ៕ធា សុខណា

ads banner