អភិបាលខេត្តក្រចេះ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រៀមវិធានការបង្ការឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ
ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំត្រៀមបង្ការឆ្លើយតបនឹងគ្រោះមហន្តរាយទឹកេជំនន់ទន្លេមេគង្គ ថ្ងៃកាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អនុប្រធានកាកបាទក្រហមខេត្តក្រចេះ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អង្គការសង្គមស៊ីវិល និងមន្រ្តីលេខាធិការគ្រោះមហន្តរាយខេត្ត។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ស្ថានភាពកម្ពស់ទឹកកំពុងហក់ឡើងខ្ពស់ និងធ្វើឱ្យលិចលង់ខូចខាត និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយអាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាលពីទឹកជំនន់ទៅស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្តិភាពដែលបានរៀបចំរួចរាល់ និងបានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារតូច កុំឲ្យលេងទឹក និងឲ្យពួកគាត់ប្រកាន់ភ្ជាប់ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្តត្រូវត្រៀមសម្ភារបរិក្ខារពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាល ចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា និងចំណែកមន្ទីរកសិកម្ម ត្រូវរៀបចំវ៉ាក់សាំងសម្រាប់ចាក់សត្វពាហនៈ ដែលបានជម្លៀសនៅតាមទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះបានឡើងដល់២២,២០ម៉ែត្រ ដែលកម្ពស់ទឹកលើសពីចំណុចប្រកាសប្រុងប្រយត្ន័ ត្រឹមតែ២២,០០ម៉ែត្រប៉ុណ្ណោះ៕ម.ន