បុរសម្នាក់ត្រូវចោរប្លន់ម៉ូតូបានសម្រេច នៅខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពធាក់ និងប្រើកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីម៉ោង១១និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅមុខសាលាបឋមសិក្សាទួលអំពិល ក្នុងសង្កាត់ដង្កោខ ណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហ៊ុន ណូន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងស៊ុបមួយកន្លែង ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូឌ្រីម០១៨ ពណ៌ខ្មៅ ឡើងសេរ៊ី០១៩ ពាក់ស្លាកលេខភ្នំពេញ1HA- 9569 ធ្វើដំណើរពីជើងទៅត្បូង។ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ ជិះស្របទិសគ្នាមកពីក្រោយបានធ្វើសកម្មភាពជិះគៀរ រួចធាក់ឲ្យដួល ហើយដកកាំភ្លើងខ្លីភ្ជង់គំរាមតែម្តង។ ដោយភ័យខ្លាចជនសង្ស័យបាញ់ គាត់ក៏រត់ចេញពីម៉ូតូ ហើយជនសង្ស័យបានលើកយកម៉ូតូជិះឆ្ពោះទៅទិសខាងត្បូងគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោ បានចុះមកដល់ និងបាននាំជនរងគ្រោះមកប៉ុស្ដិ៍គរបាលរដ្ឋបាលដង្កោដាក់ពាក្យបណ្តឹង និងសាកសួរ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនជនសង្ស័យទាំងនោះមកផ្ដាន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ