លោកជំទាវ អ៊ឹង កន្ថាផាវី អំពាវនាវឱ្យស្ថាប័នរដ្ឋ និងឯកជន បង្កើតបន្ទប់បំបៅដោះកូន សម្រាប់មន្ត្រី និងបុគ្គលិករបស់ ខ្លួនដែលជាស្រ្តី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អុឹង កន្ថាផាវី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំង វិស័យឯកជន និងអង្គការសង្គមស៊ីវិល គួរបង្កើតបន្ទប់មួយ សម្រាប់មន្ត្រី និងបុគ្គលិករបស់ខ្លួនដែលជាស្រ្តីដែលមាន កូន តូចអង្គុយបំបៅទារកដោយទឹកដោះរហូតដល់ប្រាំមួយខែ ឬរហូតដល់ពីរ ឆ្នាំបាន ។

លោកជំទាវបានលើកឡើងដូចនេះ ក្នុងពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បន្ទប់បំបៅដោះកូន» នៅ ទីស្តីការក្រសួងកិច្ចការនារី កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅនេះ ដោយមានការសហការជាមួយអង្គការ ហេឡែន ខេលល័រ និងគម្រោង MUSEFO នៃអង្គការ GIZផងដែរ។
បើតាមក្រសួងកិច្ចការនារី ការបង្កើតបន្ទប់បំបៅដោះកូននេះ ក្នុងគោលបំណងដើម្បីជួយសម្រួលបន្ទុកដល់មន្ត្រីរាជការ និងបុគ្គលិកជាស្រ្តីដែលមានកូនតូច មានកន្លែងសមរម្យ ក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍ស្រស់ស្រាយកក់ក្តៅ នៅពេលដែលពួកគាត់ត្រឡប់មកបំពេញការងារ វិញក្រោយពីការសម្រាកមាតុភាព។

លោកជំទាវ អឹុង កន្ថាផាវី មានប្រសាសន៍ថា ៖ «ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងអង្គការ សង្គមស៊ីវិល បើអាចធ្វើទៅបាន គួរបង្កើតបន្ទប់មួយដោយឡែក នៅក្នុងកន្លែងបំពេញការងាររបស់ខ្លួនហើយត្រូវបំពាក់សម្ភារៈបរិក្ខារផ្សេងៗ សម្រាប់មន្ត្រីនិងបុគ្គលិករបស់ខ្លួនដែល ជាស្រ្តីដែល មានកូនតូចអង្គុយបំបៅទារកដោយទឹកដោះរហូតដល់៦ខែ ឬរហូតដល់២ឆ្នាំបាន»។
ការបំបៅដោះកូនដោយទឹកដោះម្តាយ ពិតជាបានរួមចំណែក កាត់ បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ និងដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភស្រ្តីនិងកុមារស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ២០៣០។លោកជំទាវ អុឹង កន្ថាផាវី បន្ថែម។

នាឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី ក៏បានថ្លែងឱ្យដឹងដែរថា អត្រាបំបៅដោះកូន មានការធ្លាក់ចុះនេះ ដោយសារកត្តា ស្ត្រីជាម្តាយជាប់បំពេញការងារ និងការផ្សព្វផ្សាយម្សៅទឹកដោះ គោច្រើន។
លោកជំទាវបានថ្លែងថា ៖ «កុមារ ដែលបានទទួលការបំបៅ ដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់រយៈពេលប្រាំមួយ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺ រលាកសួតបាន ១៥ដង ធៀបនឹងកុមារដែលមិនបានទទួលការ បំបៅដោយទឹកដោះម្តាយ»។
អង្គការយូនីសេហ្វនៅកម្ពុជា បានលើកឡើងថា មានការ ប៉ាន់ស្មានថាការជំរុញអត្រាបំបៅកូនដោយទឹកដោះម្ដាយនៅទូទាំងពិភពលោក នឹងអាចសង្គ្រោះអាយុជីវិតកុមារដែល មាន អាយុក្រោមប្រាំឆ្នាំ លើសពី ៨២០ ០០០ នាក់ ជារៀងរាល់ឆ្នាំ។
ខណៈដែលស្ត្រីជាម្ដាយភាគច្រើននៅក្នុងប្រទេសកម្ពុជា ជ្រើសរើសយកការបំបៅកូនដោយទឹកដោះខ្លួន ក៏មានការ ស្រាវជ្រាវមួយបង្ហាញថាប្រេវ៉ាឡង់នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រហូតដល់ទារកអាយុប្រាំមួយខែដែលជាស្តង់ដារណែនាំដោយយូនីសេហ្វ និងដោយអង្គការសុខភាព ពិភពលោក (WHO) មានការធ្លាក់ចុះជាលំដាប់នៅក្នុង ប្រទេស នាទស្សវត្សរ៍កន្លងទៅ។

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ពីឆ្នាំ២០១៤ បានរកឃើញថា ការបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់បានធ្លាក់ចុះពីចំនួន ៧៣.៥ភាគរយ នៅក្នុងឆ្នាំ ២០១០ មកនៅត្រឹមចំនួន ៦៥ភាគរយ នៅក្នុងឆ្នាំ ២០១៤ ភាគច្រើនធ្លាក់ចុះនៅតំបន់ទីប្រជុំជន ហើយមានកុមារតែក្នុង ចំនួន ៣៧ភាគរយ ប៉ុណ្ណោះបានទទួលនូវការបំបៅដោយ ទឹកដោះម្ដាយនេះ បន្តរហូតដល់អាយុពីរឆ្នាំ ដូចដែលបាន ណែនាំដោយអង្គការ WHO។
ប្រភពដដែលថា នៅក្នុងឆ្នាំ ២០២១ តួលេខទាំងនេះបាន បន្តធ្លាក់ចុះតទៀត ដោយមានកុមារត្រឹមចំនួន ៥១ភាគរយ ប៉ុណ្ណោះ បានទទួលនូវការបំបៅទឹកដោះម្ដាយតែមួយមុខគត់ នៅក្នុងរយៈពេលប្រាំខែដំបូងនៃអាយុរបស់ពួកគេ៕
ដោយ៖នាង សុគន្ធា