អគ្គលេខាធិការសមាគមទីក្រុងប្រចាំតំបន់អាស៊ីប៉ាហ្វិកថ្លែងថា បើគ្មានការដឹកនាំត្រឹមត្រូវមិនអាចរៀបចំកិច្ចប្រជុំធំ២ក្នុងពេលតែមួយបានល្អប្រសើរនោះទេ
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន(ASEAN MAYORS FORUM 2022)ដែលទើបបញ្ចប់ទៅនៅរសៀលថ្ងៃទី៣ធ្នូ លោកស្រីបណ្ឌិត ប៊ែណាឌៀ អុីរ៉ាវ៉ាទី ជិនដ្រាដេវី ( Dr. Bemadia Irawati Tjandradewi M.Sc., M.P.P ) អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ា ស៊ីហ្វីក និងវេទិកាអភិបាលក្រុងអាស៊ាន(AMF)បានថ្លែងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឲ្យិរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំធំ២ក្នុងពេលតែមួយបានដោយជោគជ័យបំផុតលោកស្រីសូម កោតសរសើរដោយស្មោះអស់ពីចិត្ត។ ព្រោះបើគ្មានការដឹកនាំត្រឹមត្រូវ និងច្បាស់ លាស់ទេកិច្ចប្រជុំទាំង២ដែលមានសារសំខាន់នេះមិនអាចដំណើរការបានទេ គឺ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ដែលទើបបញ្ចប់នៅព្រឹកថ្ងៃទី៣ធ្នូនេះ។
លោកស្រីគូសបញ្ជាក់ថា៖ ទោះបីកិច្ចប្រជុំទាំង២ខាងលើមានរយៈពេលខ្លី តែអភិបាលក្រុងឬតំណាងទីក្រុងនានាមកពីតំបន់អាស៊ាន បានចូលរួមពិភាក្សា និងផ្តល់បទពិសោធន៍ដ៏មានតំលៃសំរាប់ការអភិវឌ្ឍន៍ទីក្រុង ។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបើកកិច្ចប្រជុំនិងបានផ្តល់អនុសាសន៏ដ៏មានតំលៃដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងការពង្រឹងកិច្ចសហការអាស៊ានតាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី។
លោកស្រី អ៊ីរ៉ាវាទី បានបន្ថែមទៀតថា៖ នៅពេលខាងមុខអភិបាលក្រុងរបស់អាស៊ានអាចពិភាក្សាការងារជាមួយចិន បូកឥណ្ឌា បូកកូរ៉េ បូកជប៉ុនទាំងពហុភាគី និងទ្វេភាគីថែមទៀត ។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ ខ្ញុំមានមោទនៈភាពតាមរយៈវេទិកា AMF និង កិច្ចប្រជុំ MGMAC 2022 ហើយឆ្លងតាមកិច្ចប្រជុំទាំង២ខាងលើបានផ្តល់បទពិសោធន៍ជាច្រើនដល់ការអភិវឌ្ឍន៍ទីក្រុង និងបញ្ហាប្រឈមមួយចំនួនទាំងទីក្រុងអភិវឌ្ឍន៍និងទីក្រុងមិនទាន់អភិវឌ្ឍន៍ក្នុងតំបន់អាស៊ានរបស់យើង។
ឯកឧត្តម អភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់លោកស្រី អ៊ីរ៉ាវាទី ជិនដ្រាដេវី និងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ទីក្រុងពីបទពិសោធន៍ល្អៗដែលលោកស្រីមាន ក៏ដូចអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដទៃទៀតដែរ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ