បញ្ជីឈ្មោះបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបិទនៅតាមមណ្ឌលប្រឡងទូទាំងប្រទេស មុនថ្ងៃប្រឡងមួយថ្ងៃ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបិទ បញ្ជីឈ្មោះបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាព្រឹកថ្ងៃទី៤ ខែធ្នូ នៅតាមមណ្ឌលប្រឡងទូទាំង ប្រទេស ដែលការប្រឡងនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៥ និង ទី៦នេះ ខណៈដែលលោករដ្ឋមន្រ្តីបានអំពាវនាវឱ្យ បេក្ខជនទាំងអស់បន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារពីការ ឆ្លងមេរោគកូវីដ១៩។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅ ពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅ នៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបា នបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង ២៥រាជធានី-ខេត្ត ។
ក្រសួងក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរព បទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិន ត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្រសួងដដែលនេះបានបញ្ជាក់ថា ៖ «ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានថ្លែងប្រាប់យ៉ាងខ្លីថា ៖ «មកទល់ពេលនេះមានការ រៀប ចំបន្ទប់ប្រឡងគឺរួចរាល់សម្រាប់សិស្សានុសិស្សអស់ ហើយ»។
នៅមួយថ្ងៃមុនថ្ងៃប្រឡងចូលមកដល់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវ និងជូនពរទៅដល់បេក្ខជនប្រឡងត្រូវរក្សាសុខភាពឱ្យបានល្អ ដោយទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ កុំមានអារម្មណ៍ តាន តឹង និងត្រូវអនុវត្តនូវវិធានការ ៣ កុំ និង៣ការពារ ពីការឆ្លងជំងឺកូវីដ ១៩។

លោកបានថ្លែងថា ៖ «ខ្ញុំសូមឱ្យបេក្ខជនទាំងអស់ត្រូវគោរព ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិ និងកម្រិតវិន័យដែលបានដាក់ ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការ ប្រឡងសញ្ញាបត្រទុតិយភូមិនេះ»។
គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំ មណ្ឌល ប្រឡងទូទាំង២៥រាជធានី-ខេត្ត មានភាពមមាញឹក ក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាង ប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទាក់ទងនឹងហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងនេះ ត្រូវបានដឹកជញ្ជូនពីរដ្ឋបាលសាលារាជធានី-ខេត្តទៅ រក្សាទុកនៅតាមសាលាស្រុកនីមួយៗប្រកបដោយសុវត្ថិភាពរួចហើយផងដែរ។
ក្នុងដំណើរការនៃការទុកដាក់ហឹប វិញ្ញាសា នេះ មានការចូល រួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទ ជំនួយ ការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំង អាជ្ញាធរដែនដីដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដារ នៃការប្រឡង ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
សូមជម្រាបថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជាសន្លឹកក្រដាសចែកជូនបេក្ខជន។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ និង៦ ខែធ្នូ មានបេក្ខជនចំនួន ១២៨ ១៣៤នាក់ ដែលមានមណ្ឌល ប្រឡងសរុប ចំនួន ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការ នានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល ប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុក ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ហោ សុវិទ្យា