តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងប្រតិភូរួមដំណើរ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រវែង១៥,៥ គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូហែ ។ ហើយការសាងសងផ្លូវប្រភេទ DBST នេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្សាភ្ជាប់ទីក្រុង មកកាន់ជនបទ និងតំបន់ទេសចរណ៍។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់បងប្អូនរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវ DBST គឺជាឥណទានថ្នាក់ក្រោមជាតិសម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមានប្រវែង ១៥.៥ គីឡូម៉ែត្រ និងទទឹង ៦ ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៣៥,០០០,០០០,០០០,០០០ (សាមសិបប្រាំពាន់លានរៀល ) ៕ ម៉ុន សំអាត

