អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ដែលទទួលបាននិទ្ទេសA

កំពង់ស្ពឺ៖ លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានចំនួន៤៦៩៥នាក់ ស្រី២៥១៨នាក់ ដែលនិងប្រឡងនៅថ្ងៃទី៥-៦ធ្នូខាងមុខនេះ។ចំពោះមណ្ឌលប្រឡងចំនួន១១មណ្ឌលនិងមានបន្ទប់ប្រឡង១៨៨បន្ទប់។

លោក ថន ថារិន បានបន្ថែមថា បេក្ខជនប្រឡងទាំងអស់ត្រូវតែគោរពតាមគោលការណ៍ប្រឡង ព្រោះឆ្នាំនេះមានវិន័យតឹងរឹង ដើម្បីធានាដល់ការប្រឡងឱ្យមានស្តង់ដារ គុណភាពខ្ពស់ ដូច្នេះបេក្ខជន បេក្ខនារី ប្រឡងត្រូវគោរពពេលវេលា វិន័យ ហាមយកសំណៅឯកសារចម្លើយនានា ក៏ដូចឧបករណ៍ អេឡិចត្រូនិច ពោលគឺត្រូវគោរពតាមបទបញ្ជា បទបញ្ញត្តិដែលក្រសួងបានដាក់ចេញ។ ការរឹតបន្តឹងនេះធានាថា អ្នកចេះ គឺជាប់។

លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារគណកម្មាការរៀបចំប្រឡង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកពិតជាមានមោទនភាពចំពោះកូនក្មួយជាបេក្ខភាពប្រឡងកាលពីឆ្នាំកន្លងទៅ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតប្រឡងជាប់លើសពីការរំពឹងទុក។ហើយពិសេសជាងនេះគឺទទួលបាននិទ្ទេសAច្រើនរហូតដល់ទៅជិត៤០នាក់ ហើយកាលនោះគឺជាពេលវេលានៃការរីករាលដាលជំងឺកូវីដ-១៩ផង។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា ឆ្នាំនេះថ្វីត្បិតជំងឺកូវីដ-១៩មិនទាន់រលាយបាត់ទៅវិញក៏ពិតមែន ប៉ុន្តែក្រោមនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កូនក្មួយមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា។ទន្ទឹមនិងការរៀនសូត្របានពេញលេញនេះ លោកសង្ឃឹមថាកូនក្មួយនិងអាចប្រឡងជាប់ ហើយជាប់ច្រើនជាងឆ្នាំមុនៗពិសេសគឺទទួលបាននិទ្ទេសAបានច្រើននាក់។
ជាមួយនិងពាក្យស្លោកចេះគឺជាប់ អភិបាលខេត្តកំពង់ស្ពឺបានក្រើនរំលឹកដល់កូនក្មួយជាបេក្ខភាពប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់ចំណេះវិជ្ជាដែលបានរៀនចេះចាំមកធ្វើឱ្យត្រូវនូវវិញ្ញាសារប្រឡង កុំអនុវត្តផ្ទុយពីបទបញ្ញតិ និងបទបញ្ជារបស់ក្រសួងអប់រំ ។ ហើយបើកូនក្មួយអាចដណ្តើមបាននិទ្ទេសAក្នុងសម័យប្រឡងឆ្នាំនេះនោះ កូនក្មួយនិងទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿងពីរដ្ឋបាលខេត្ត ទោះជាអ្នកទទួលបាននិទ្ទេសAច្រើននាក់ក៏ដោយ៕ម៉ុន សំអាត

ads banner