រយៈពេល៣ថ្ងៃ ជនបរទេសជាង១០០នាក់ ត្រូវបានអគ្គនាយក ដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បាន បណ្តេញជនបរទេសជាង១០០នាក់ មាន៥សញ្ជាតិ ដែលបាន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពី អន្តោប្រវេសន៍ ថែមទាំង ហាមឃាត់ជនបរទេសទាំងនោះ ចូលកម្ពុជារយៈពេល៣ ឆ្នាំផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន ៥សញ្ជាតិ។

ក្នុងនោះជនជាតិ ឥណ្ឌាចំនួនពីរនាក់ អាមេរិកចំនួនមួយនាក់ ឡាវចំនួនពីរនាក់ ចិនចំនួនបួននាក់ និងជនជាតិវៀតណាម ចំនួន ៩៥ នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោម តាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារ អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក។

សេចក្តីប្រកាសព័ត៌មានគូសបញ្ជាក់ថា ៖ «ជនបរទេស ចំនួន១០៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការ បណ្ដេញ ចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ»។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដោយមានការសម្របសម្រួល នីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលា ដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអាគារ ក្រុមហ៊ុន មួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តាមពាក្យបណ្តឹងលេខ ៦២៧ តាមរយៈ ហតឡាញរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋបាលខេត្តបន្តថា បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរ ទីតាំងខាង លើនេះ គឺបានរកឃើញមានជនបរទេសចំនួន ២២៣នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយ ចំនួនទៀត។

រដ្ឋបាលខេត្តបន្ថែមថា៖«បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអាគារក្រុមហ៊ុននេះ បានរកឃើញ អ្នក ប្តឹងចំនួនប្រាំនាក់ជាជនជាតិចិន ដែលមានដូច នៅក្នុងបណ្តឹង លេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។ ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំងប្រាំនាក់ ក្នុង បណ្តឹង នៅក្នុងបន្ទប់លេខ ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ»។
ចំពោះករណីខាងលើនេះ គឺកំពុងស្ថិតក្នុងនីតិវិធីរបស់ សមត្ថកិច្ច ដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេល បន្ទាប់៕
ដោយ៖ឡាយ សាមាន

ads banner