ក្រសួងសុខាភិបាលក្រើនរំលឹកឱ្យពង្រឹងមូលដ្ឋានសេវាសុខាភិបាលឯកជន បន្ទាប់ពីកើតមានបាតុភាពអវិជ្ជមានមួយចំនួនថ្មីៗនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំជុំវិញការពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន បន្ទាប់ពីកើតមានបាតុភាពអវិជ្ជមានមួយចំនួននាពេលថ្មីៗនេះ និង បានក្រើនរំលឹកដល់បណ្តាមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ឲ្យគោរពឲ្យម៉ឺងម៉ាត់នូវដំណើរការបច្ចេកទេស តួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជារៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំរបស់ខ្លួនដោយភ្ជា ប់ជាមួយក្រមច្បាប់មួយចំនួនសម្រាប់មូលដ្ឋានសុខាភិបាលឯកជនក្រោមមូលបទ «ការពង្រឹងការផ្តល់សេវាសុខាភិបាល នៅ តាមមូលដ្ឋានសុខាភិបាលឯកជន»។

ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ដល់បណ្តាមន្ទីរពេទ្យឯកជនថា ដោយសង្កេតឃើញថា ការគ្រប់គ្រងនិងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនមួយចំនួនតូចមានលេចចេញបាតុភាពជាប ន្តបន្ទាប់។

លោកថា ៖ «អ្នកដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ឬមានការធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាល ឯកជនរបស់ខ្លួន ឬធ្វើឲ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយបន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ នឹងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែងនៅក្នុងច្បាប់»។

សូមបញ្ជា្កក់ថា ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំដោយភ្ជាប់ជាមួយក្រមច្បាប់ចំនួន ២ ពាក់ព័ន្ធនឹងទី១ ច្បាប់ស្តីពីការរំលូតកូន និងទី២ ច្បាប់ស្តីបីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្រសួងក៏បានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោ មជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ត្រួតពិនិត្យការងារផ្តល់សុខាភិបាល ការចេញអាជ្ញាបណ្ណ ច្បាប់អនុញ្ញាតនានាចំពោះសេវាសុខាភិបាលឯកជន និងអំពាវនាវឲ្យពលរដ្ឋទៅពិនិត្យនិងពិគ្រោះជំងឺជាមួយមូលដ្ឋានសុខាភិបាលដែលមានជំនាញត្រឹមត្រូវ ចៀសវាងជួបហេតុការណ៍យថាហេតុណាមួយ។

ជុំវិញបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធាន សមាគម គ្រូពេទ្យ គុណធម៌ កម្ពុជា សាទរចំពោះចំណាត់ការរបស់ក្រ សួ ងសុខាភិបាល ចំពោះជំហររឹតបន្តឹងចំពោះគុណភាពនៃបណ្តាមូលដ្ឋានសេវាសុខាភិបាលឯកជន ដើ ម្បីឲ្យអ្នកជំនាញផ្នែកនេះ យកចិត្តទុកដាក់លើវិជ្ជាជីវៈនិងក្រមសីលធម៌ខ្លួនបន្ថែម នៅចំពោះមុខកម្សោយនៃការយកចិត្តទុកដាក់និងបញ្ហាប ច្ចេ កទេសមួយចំនួននៅតាមបណ្តាគ្លីនិកឯកជន។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងពីបញ្ហារបស់គ្រូពេទ្យមួយចំនួនដែលសម្លឹងប្រយោជន៍ជាជាងវិជ្ជាជីវៈនិងក្រមសីលធម៌ខ្លួនជាគ្រួពេទ្យថា ៖ «សព្វថ្ងៃនេះ យើងឃើញបុគ្គលមួយចំនួនយកលាភសក្ការៈជាធំ ដែលអាចបង្កជាគ្រោះថ្នាក់សុខាភិបាលច្រើន កន្លែងហ្នឹង ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាគ្រូពេទ្យទាំងឡាយ ត្រូវមានអកប្បកិរិយាល្អដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ កុំរវល់គិតលុយជាធំ»។

លោក បានបន្ថែមថា ៖ «ត្រូវព្យាបាលពួកគាត់ជាមុន ហើយលុយវាមកតាមក្រោយទេ បើគាត់អត់ហើយ លើកដៃសំពះហើ យ គួរអនុគ្រោះគាត់ទៅ។ នៅតាមឱសថស្ថានឯកជនខ្លះ មានទាំងថ្នាំហួសកាលបរិច្ឆេទកំណត់ផង ដែលជារឿងគួរឲ្យព្រួយបារម្ភខ្លាំងណាស់»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានបន្តថា បញ្ហានៅតាមបណ្តាគ្លីនិកឯកជនក្នុងស្រុកមួយចំនួនគឺដោយសារកង្វះការយកចិត្តទុកដាក់នៅតាមបណ្តាគ្លីនិចឯកជនទាំងនោះផ្ទាល់ដែលមិនអនុលោមតាមវិជ្ជាជីវៈខ្លួនត្រឹមត្រូវ ដែលករណីខ្លះ លោកថា គ្រូពេទ្យដែលមានភារៈវះកាត់ ព្យាបាលអ្នកជំងឺ ធ្វើសេចក្តីសម្រេចចិត្តអត្តនោម័តមិនពិគ្រោះជាមួយនាយកធំ មុនព្យាបាល ឬ ករណីខ្លះថៅកែដែលគ្មានវិជ្ជាជីវៈជាគ្រូពេទ្យបែរជាបញ្ជាគ្រូពេទ្យទៅវិញដោយមិនអនុលោមតាមក្បួនខ្នាតត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធធ្វើការរឹតបន្តឹងនិងចុះត្រួតពិនិត្យជាប្រចាំឲ្យបានញឹកញាប់លើការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈនៅតាមបណ្តាមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយ ហើ យក្នុងការត្រួតពិនិត្យត្រូវរក្សាការសម្ងាត់ ដោយមិនគួរប្រាប់ដំណឹងជាមុន ដែលធ្វើឲ្យបណ្តាមន្ទីរពេទ្យឯកជនបានត្រៀមខ្លួនរៀបរយទុកមុន ខុសពីការអនុវត្ត ប្រចាំថ្ងៃលើការផ្តល់សេវារបស់ខ្លួន។

ស្រដៀងគ្នានេះដែរ លោក វេង គឹមយូ ជាគ្រូពេទ្យនៃមណ្ឌលសុខភាពមួយកន្លែងក្នុងខេត្តបាត់ដំបង យល់ឃើញថា កម្រិតនៃ ទំនួលខុសត្រូវរបស់បណ្តាមូលដ្ឋានសុខាភិបាលឯកជនអាស្រ័យទៅតាមតម្លៃសេវា ពោលគឺនៅតាមគ្លីនិកដែលមានក ញ្ចប់សេវាថ្លៃ។ តួយ៉ាងនៅទីក្រុង គេផ្តល់សេវាព្យាបាលដែលល្អ មានការយកចិត្តទុកដាក់ខ្ពស់ និងសមត្ថភាពគ្រូពេទ្យពូកែ ខណៈបណ្តាគ្លីនិកដែលមានកញ្ចប់សេវាថោក។

លោកថា នៅតាមបណ្តាខេត្ត កម្រិតសេវាព្យាបាលមិនសូវជាល្អ ហើយបច្ចេកទេសព្យាបាលនិងសមត្ថភាពគ្រូពេទ្យក៏នៅមានកម្រិតទៅតាមហ្នឹងដែរ។

លោក វេង គឹមយូ ថ្លែងពីករណីគេចវេស ពីទំនួលខុសត្រូវរបស់បណ្តាគ្រូពេទ្យឯកជនមួយចំនួនដូច្នេះថា ៖ «ក្នុងករណីអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ភាគច្រើននៅតាមបណ្តាពេទ្យឯកជន ពេលខ្លះពួកគាត់មិនទទួលខុសត្រូវទេ ដោយសារពូកគាត់អាងបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋវិញ»។

ករណីខ្លះ គ្រូពេទ្យមួយចំនូនដែលបម្រើការនៅពេទ្យរដ្ឋ គាត់មកបើកគ្លីនិចឯកជន ហើយនៅពេលមានបញ្ហា ពួកគាត់បញ្ជូនទៅកន្លែងគាត់ធ្វើការ ដោយគេចវេសពីទំនួលខុសត្រូវខ្លួន រួចដាក់បន្ទុកមកកាន់មន្ទីរពេទ្យរដ្ឋវិញ។ នេះបើតាម ការបន្ថែម ពី លោក វេង គឹមយូ។

គ្រូពេទ្យរូបនេះ សំណូមពរឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរមានយន្តការត្រួតពិនិត្យណាមួយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការតាមដានការអនុវត្តវិជ្ជាជីវៈនិងក្រមសីលធម៌របស់គ្រូពេទ្យនៅតាមបណ្តាគ្លីនិច ឯកជន បន្ទាប់ពីបានផ្តល់អាជ្ញាបណ្ណអនុអញ្ញាតផ្តល់សេវាសុខាភិបាលពីសំណាក់មូលដ្ឋានសុខាភិបាលឯកជនទាំងឡាយរួចមក និងមានការបណ្តុះបណ្តាលសមត្ថភាពបន្ថែមសម្រាប់គ្រូពេទ្យតាមអង្គភាពឯកជន និងជាពិសេសកាត់បន្ថយអំពើពុករលួយក្នុងវិស័យសុខាភិបាលនេះ។

សូមរំឭកថា នាពេលថ្មីៗនេះ មានការវែកញែក និងលើកឡើងជាសាធារណៈមតិយ៉ាងផុសផុលចំពោះវិជ្ជាជីវៈសុខាភិបាលឯកជននៅកម្ពុជា បន្ទាប់ពីកើតមានករណីស្ត្រីអ្នកជំងឺឈ្មោះបានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។

ជាមួយគ្នានេះដែរ ក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភា ពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។ ការណ៍នេះ ត្រូវបានមហាជនយកមកជជែកយ៉ា ងផុសផុលពីស្ថានភាពសុខាភិបាលឯកជនកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលរដ្ឋត្រូវគិតគូរកែប្រែដើម្បីវិស័យសុខភាពសាធារណៈកម្ពុជាមានភាពប្រសើរឡើង៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner