រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីឈានទៅសម្រេចគោលដៅបោសសម្អាតគ្រាប់មីនមិនទាន់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីឈានទៅសម្រេចគោលដៅបោសសម្អាតគ្រាប់មីនមិនទាន់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ក្នុង គោលដៅ ផ្តល់ សុខ សុវត្ថិភាព និងលើក កម្ពស់ ភាព សុខដុមរមនា របស់ប្រ ជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់ កាលៈទេសៈ និងគ្រប់ទីកន្លែង។

អនុក្រឹត្យស្តីពីការបង្កើតមូលនិធិ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២២ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» សរសេរជាអក្សរកាត់ «ម.ក.គ.ម-២០២៥» សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសស ម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអ ស់មីនឆ្នាំ២០២៥។

ក្នុងអនុក្រឹត្យដែលមានចែង ៨ មាត្រា បានឱ្យដឹងថា «ម.ក.គ.ម-២០២៥» មានប្រភពធនធានពីវិភាគទានដំបូងពីថវិការដ្ឋចំនួន ១២៣ ១៨០ លានរៀល (៣០ លានដុល្លារអាមេរិក)។ វិភាគទានថវិការដ្ឋនេះ សម្រាប់ឆ្នាំ២០២៣ ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្តែង និងវិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត។

អនុក្រឹត្យដដែល បន្តថា វិភាគទានរដ្ឋ ត្រូវកត់ត្រានៅក្នុងកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរដ្ឋមន្រ្តីក្រ សួ ងនេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ជាអ្នកទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែង ដោយមានអគ្គនាយកដ្ឋានថវិ កាជាលេខាធិការដ្ឋាន។ ធនធានហិរញ្ញវត្ថុរបស់ ម.ក.គ.ម-២០២៥ ត្រូវរក្សាទុកក្នុងគណនីប្រាក់បញ្ញើនៅរតនាគារជាតិ ឬគណនីធនាគារជាតិកម្ពុជា ហើយ ម.ក.គ.ម-២០២៥ អាចមានគណនីនៅធនាគារពាណិជ្ជ ដើម្បីប្រើប្រាស់តាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

ក្នុងអនុក្រឹត្យដដែរ គូសបញ្ជាក់ថា ៖ «អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំផែនការសកម្មភាពការងារ ដែលត្រូវប្រើប្រាស់ប្រភពមូលនិធិ ម.ក.គ.ម-២០២៥ ដោយមានបញ្ជាក់ពីទីតាំង ទំហំផ្ទៃដីដែលត្រូវបោសសំអាត និងប្រតិទិនការងារ ព្រមទាំងរបាយការណ៍សមិទ្ធកម្ម នៃការអនុវត្តសកម្មភាពការងារ»។

ផែនការសកម្មភាពនេះ ជាកម្មវត្ថុនៃការសម្រេចរបស់នាយករដ្ឋមន្ត្រី តាមសំណើរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចា ត់មីន និងសង្គ្រោះជនពិការដោយសារមីន។
បន្ទាប់ពីទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោ យសារមីន ត្រូវរៀបចំគម្រោងស្នើសុំថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ជូនតាមការជាក់ស្តែង។

នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី៤ ខែធ្នូ ថា មូលនិធិនេះ មានសារៈ សំខាន់ ដើម្បីរំដោះប្រទេសជាតិដែលខ្លោចផ្សរ ដោយសារសំណល់ជាតិផ្ទុះសង្គ្រា ម ត្រូ វបានប ញ្ចប់ ប៉ុន្តែការខិតខំរបស់កម្ពុជារយៈពេល ៣០ឆ្នាំ មកនេះ នៅតែជួបបញ្ហា ព្រោះនៅ ការគំរាមកំហែងដល់ដីធ្លី សុខសុវត្ថិភាពប្រជាជន។

លោកថា ៖ «ឯដៃគូរបស់យើងបានជួយកម្ពុជារយៈពេល ៣០ឆ្នាំ ហើយរាជរដ្ឋាភិបាលបានខិតខំ ចូលរួមជាមួយដៃគូ ប៉ុន្តែរយៈពេលចុងក្រោយនេះ ដៃគូរបស់យើងមួយចំនួន កាន់តែបន្ថយនូវលទ្ធភាពជួយមកកម្ពុជា»។

លោកបន្តថា ដូច្នេះការបញ្ចប់អនុសញ្ញាអន្តរជាតិត្រឹមឆ្នាំ ២០២៥ ខាងមុខមានកត្តាសំខាន់ជាមូលដ្ឋាន មិនត្រឹមតែសម្រាប់កម្ពុជា ក៏សម្រាប់អន្តរជាតិ ក្នុងនាមយើងជាប្រទេសដែលទទួលរងគ្រោះ គឺយល់ពីសារៈសំខាន់នៃការសម្រេចបាននូវអនុសញ្ញាអន្តរជាតិដ៏សំខាន់មួយនេះ ក្នុងការហាមប្រាមប្រើប្រាស់គ្រាប់មីន។

លោកថា ៖ «ការដោះមីន មានសារៈប្រយោជន៍ខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ ប្រសិនយើងអាចបោសសម្អាតគ្រាប់មីនបានឆាប់វាជាឱកាសក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសខាងវិស័យកសិកម្ម ក្នុងការប្រើប្រាស់ដីធ្លី»។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តមហេង រតនា បានថ្លែងក្នុងក្របខណ្ឌអង្គភាពស៊ីម៉ាក គឺសម្រេចបានខេត្ដមួយចំនួនដែលអស់មីន រួមមាន ខេត្តកែប កំពត តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តកំពង់ចាម ខណៈលោកថានៅចុងឆ្នាំ ២០២២ ខេត្តចំនួន ១១ គ្រោងប្រកាសអស់មីន។

ដោយឡែក អនុប្រធានទី១អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។

លោកលើកឡើងថា ៖ «ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ»។

លោកបានបញ្ជាក់ទៀតបន្ថែមថា ៖ «ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឱ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង»។

សូមជម្រាបថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែធ្នូ បានឱ្យដឹងថា ថវិកាចំនួន ១៨ ៤៧៣ ៥៧០ ដុល្លារ ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព៕ ដោយ៖ ឡាយ សាមាន

ads banner