រដ្ឋបាលខេត្តសៀមរាប ដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនពិការ ចំនួន ៣ខេត្ត

អត្ថបទដោយ៖
CPA

សៀមរាប៖ អគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាដែល មានទីតាំងក្នុង ខេត្ត សៀមរាប ត្រូវ បាន សម្ពោធ ដាក់ ឱ្យ ប្រើ ប្រាស់ កាល ពី សប្តាហ៍ មុននេះ សម្រាប់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដល់ ជនពិការ ចំនួន ៣ខេត្ត គឺខេត្ត សៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ។

យោងតាម រដ្ឋបាលខេត្តសៀមរាប បាន ឱ្យ ដឹងថា អគារថ្មីនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ស្ថិតក្នុងភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញ នៅព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២២។

ទីតាំងអគារថ្មីនេះសម្រាប់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដល់ជនពិការ ចំនួន ៣ខេត្ត គឺខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖ « ការទទួលបានអគារថ្មីនេះ ស្របទៅនឹងកំណើននៃតម្រូវការសេវាស្តារលទ្ធភាពព លកម្មកាយសម្បទា វត្តមាននៃសេវាស្តារប្រកបដោយគុណភាព និង អាចទទួលយកបាន ដោយពុំមានឧបស័គ្គ ពិតជាមិនអាចខ្វះបាន ដើម្បីចូលរួមគាំទ្រដល់ជនពិការក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពថ្លៃថ្នូរនិងស្មើភាពគា្នក្នុងសង្គម»។

លោក នាក់ ណេរ៉ុន អភិបាលរងសៀមរាប បាន ថ្លែងនាឱកាសនោះ ថា បច្ចុប្បន្ន កម្ពុជា ជាប្រទេសមួយដែលនៅតែធានាបាននូវឯកភាពជាតិនិងទឹកដី សន្តិភាព និងស្ថិរភាពខាងនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាធ្វើដំណើរលើមាគ៌ានៃការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបេតយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានោះ លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែផ្តល់ការគាំទ្រ និងការយកចិត្តទុកដាក់ដល់វិស័យពិការភាព។

លោកថា ៖ «ជាពិសេសការងារស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា ជាងមួយទសវត្សកន្លងមកនេះ ក្រោមការយកចិត្តទុកដាក់គិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ដោយមានការចូលរួមចំណែក ពីអាជ្ញាធរខេត្តនិងការគាំទ្របន្ថែមពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធីACCESS»។

លោក ស៊ឹម សុធន បានបន្ថែមថា ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏មូលនិធិជនពិការ នៅតែខិតខំប្រឹងប្រែងជម្រុញការផ្តល់សេវាជូនជនពិការ និងខិតខំស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីផ្តល់សេវាជូនបងប្អូនជនពិការឲ្យបានកាន់តែប្រសើរថែមទៀត ។

យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបានឱ្យដឹងថា គិតពីឆ្នាំ១៩៩១មក មានអតិថិជនជាង ៨ ០០០ នាក់ បានមកទទួលសេវាស្តារពីមជ្ឈមណ្ឌលនេះ។

ប្រភពដដែលថា តួលេខនេះនៅមានចំនួនទាបនៅឡើយ ដោយមូលហេតុកង្វះនៃការផ្សព្វផ្សាយអំពីសេវាស្តារ ដែលផ្តល់ជូនដោយមជ្ឈមណ្ឌលនេះ។ កង្វះកិច្ចសហការពី ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការជនពិការ។ល។ ក្នុងនោះ តម្រូវការនៃសេវាស្តារ ឧបករណ៍ជំនួយ រួមទាំងរទេះរុញ មានការកើនឡើង ធនធានមនុស្ស និងធន ធានថវិកា នៅមានកម្រិត។

នាឱកាសនោះ លោក ស៊ឹម សុធន ក៏បាន ស្នើដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រួមទាំងបងប្អូនជនពិការ និងក្រុមគ្រួសារ បន្តការគាំទ្រដល់មជ្ឈមណ្ឌលស្តារ និងជួយផ្សព្វផ្សាយដល់សាធារណៈជនឲ្យបានទូលំទូលាយ អំពីសេវារបស់មជ្ឈមណ្ឌលស្តារ ដើម្បីជាប្រយោជន៍ដល់ជនពិការ និងការចូលរួមកសាងសង្គមមួយប្រកបដោយបរិយាបន្ន។

នៅក្នុង សារលិខិត របស់លោក នាយ ក រដ្ឋមន្ត្រី ហ៊ុន សែន នាកាសទិវា ជន មាន ពិការភាព កម្ពុជា លើក ទី ២៤ និង ទិវា ជន មាន ពិការភាព អន្តរជាតិ លើក ទី ៤០ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ ក្រោម ប្រធានបទ «ពិការភាព ទាំងអស់ មិនអាច កំណត់ដោយ ការមើល នឹង ភ្នែក នោះទេ» បានឱ្យដឹងថា ក្នុង ឆ្នាំ ២០២២ ជន មាន ពិការភាព ចូល បម្រើ ការងារ ក្នុង ក្រសួង ស្ថាប័នរដ្ឋ ចំនួន ៣៧ មាន ចំនួន ៣ ៧៤៨ នាក់ ក្នុងនោះ ស្ត្រី មាន ពិការភាព ចំនួន ៨៦២ នាក់ ជន មាន ពិការភាព កម្រិតធ្ងន់ ចំនួន ២ ២៦០ នាក់ បើ គិត ជា ភាគរយ ២,០១% កើន លើស ឆ្នាំ ២០២១ ។

ដោយឡែក វិស័យ ឯកជន រួមមាន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង រោងចក្រ បាន ចុះបញ្ជី កា និង ទទួលបាន វិញ្ញាបនបត្រ លើ ការអនុវត្ត ច្បាប់ ស្ដីពី កិច្ចការពារ និង លើកកម្ពស់ សិទ្ធិ ជនពិការ ទូទាំងប្រទេស មាន ចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមាន ជន មាន ពិការភាព ចូល បម្រើ ការងារ ចំនួន ៥ ៨៣៩ នាក់ ស្ត្រី មាន ពិការភាព ៣ ៨៣៦ នាក់ សរុប ទាំង ស្ថាប័នរដ្ឋ និង វិស័យ ឯកជន ទូទាំងប្រទេស មាន ចំនួន ជន មាន ពិការភាព ៩ ៥៨៧ នាក់ កំពុង បម្រើ ការងារ ៕ ដោយ៖ នាង សុគន្ធា

ads banner