លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់មិត្តចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន។

ឯកឧត្តម ជាំង ជឺមីន គឺជាមិត្តដ៏ល្អរបស់កម្ពុជាដែលបានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ និងបានផ្តល់សារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។»

បន្ថែមពីនេះ ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា «កិត្យានុភាពរបស់ឯកឧត្តម អតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រឡាញ់ជារៀងរហូត»៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner