អភិបាលខណ្ឌ ៧មករា ថា បេក្ខជនទាំងអស់ អនុវត្តបានខ្ជាប់ខ្លួន នូវវិធានសុខាភិបាល និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា លោក ថេង សុថុល បានថ្លែងថា បេក្ខជនទាំងអស់ អនុវត្តបានខ្ជាប់ខ្លួននូវវិធានសុខាភិបាល និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់បានត្រឹមត្រូវជាប្រចាំ នៅក្នុងមណ្ឌលប្រឡង ។ លោកអភិបាលខណ្ឌ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រយមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យបាក់ទូក ។

លោកអភិបាលខណ្ឌ ៧មករា បានជូនពរបេក្ខជនប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា និងត្រូវប្រឹងប្រែងអោយអស់ពីសមត្ថិភាពជាមួយនិងការដាស់តឿងថា បើចេះគឺប្រឡងជាប់ គ្មានអ្វីជាងការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។

លោក ថេង សុថុល បានបញ្ជាក់ថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រឡង មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ សំរាប់មណ្ឌលប្រឡងវិទ្យាល័យបាក់ទូក មានបេក្ខជនចូលរួមប្រឡង ប្រមាណជាង ២៣០០នាក់ ៕ ដោយ ប៊ុន ធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner