គ្រួសារអតីតយុទ្ធជនពលីស្រុកសណ្តាន់ បានទទួលផ្ទះថ្មីមួយខ្នងជាខ្នងផ្ទះទី២២៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជនពលី រស់នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២២៨ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម អគ្គលេខាធិការ សមាគម អតីតយុទ្ឋជនកម្ពុជា និងចុះប្រគល់ជូនដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។

លោកស្រី ម៉ី កាន់ អាយុ ៦៤ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ៤នាក់ ត្រូវជាភរិយាលោកព្រិន្ទបាលឯក គឹម រឿន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩២ អង្គភាពវរសេនាតូចលេខ៥ ខេត្តកំពង់ធំ ហើយបានពលីជីវិតដោយជម្ងឺគ្រុនចាញ់ បច្ចុប្បន្នប្រកបស៊ីឈ្នួល ធ្វើស្រែចំការ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ដោយមានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះ ទើបគណៈកម្មាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ សម្រេចសាងសង់ផ្ទះ ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner