ការនាំចេញឈើរបស់វៀតណាមកើនឡើង ៩ភាគរយ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២
ហាណូយ៖ វៀតណាមបាននាំចេញឈើ និងផលិតផលធ្វើពីឈើមានតម្លៃជិត ១៤.៦ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ កើនឡើង៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម ក្នុងថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២។
គិតក្នុងខែវិច្ឆិកាតែមួយ វៀតណាមទទួលបានចំណូលប្រហែល ១.១ពាន់លានដុល្លារពីការនាំចេញឈើ និងផលិតផលធ្វើពីឈើ ដោយបានប្រកាសពីការថយចុះ ១៤.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ វៀតណាមបានកំណត់គោលដៅនាំចេញឈើ និងផលិតផលធ្វើពីឈើមានតម្លៃរហូតដល់ ១៦.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ។
សូមរម្លឹកថា នៅឆ្នាំ២០២១ វៀតណាមប្រមូលចំណូលបានជាង ១៤.៨ពាន់លានដុល្លារពីការនាំចេញឈើ និងផលិតផលធ្វើពីឈើ ដែលបានកើនឡើង ១៩.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្មើនឹង ៤.៤ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសវៀតណាម ក្នុងនោះចិន ជប៉ុន និងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមទីផ្សារសំខាន់ៗរបស់ខ្លួន។
នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ វៀតណាមក៏បានចំណាយប្រាក់ជាង ២.៨ពាន់លានដុល្លារផងដែរ សម្រាប់ការនាំចូលឈើ និងផលិតផលធ្វើពីឈើ កើនឡើង ៤.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

