រុស្ស៊ីថា ការកម្រិតលើតម្លៃប្រេង នឹងធ្វើឱ្យខ្លួន ខ្វះលុយ យកទៅប្រើក្នុង សង្គ្រាមអ៊ុយក្រែនទេ

រុស្ស៊ី៖ នៅថ្ងៃចន្ទ ទី៥ ធ្នូ ឆ្នាំ២០២២ រុស្ស៊ីបាននិយាយថា ការកំណត់តម្លៃ របស់ បស្ចិមលោក លើប្រេងឆៅ នាំចេញរបស់ខ្លួន នឹងធ្វើឱ្យទីផ្សារ ថាមពលពិភពលោកមានអស្ថិរភាព ។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ អះអាង ថា វិធានការនេះ នឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ី ក្នុងការគាំទ្រដល់ ប្រតិបត្តិការយោធាពិសេស នៅក្នុង ប្រទេសអ៊ុយក្រែននោះទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំការឆ្លើយតបរបស់ខ្លួន ទៅកាន់ក្រុម ប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងសម្ព័ន្ធមិត្ត ដែលមានបំណងវាយប្រហារ លើប្រភពចំណូល ដ៏សំខាន់ និងកាត់បន្ថយលទ្ធភាព ធ្វើសង្គ្រាម របស់ របប ក្រុងមូស្គូ ។

នៅពេលត្រូវបាន អ្នកសារព័តមានសួរថា តើទណ្ឌកម្មរបស់ប្រទេសលោកខាងលិច នឹងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកយោធា របស់ទីក្រុងមូស្គូដែរឬទេ ? លោក ប៉េស្កូវ ឆ្លើយតបថា ៖ «ប្រទេសរុស្សី និងសេដ្ឋកិច្ចរុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ និងភាពចាំបាច់នៃប្រតិបត្តិការយោធាពិសេស របស់ខ្លួន »។

អ្នកនាំពាក្យវិមានក្រឹមឡាំងដដែលនេះ បន្ថែមទៀតថា វាពិតជាក់ស្តែងណាស់ និងមិនអាចប្រកែកបានឡើយថា ការអនុម័តសេចក្តីសម្រេចរបស់បស្ចិមលោកទាំងនេះ គឺជាជំហានឆ្ពោះទៅរកអស្ថិរភាពទីផ្សារថាមពលពិភពលោក ។

គួរជ្រាបថា សហភាពអឺរ៉ុប ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 និង អូស្ត្រាលី បានអនុម័តទណ្ឌកម្មលើការនាំចេញប្រេងឆៅរបស់រុស្ស៊ី ។ ទណ្ឌកម្មដែលចូលជាធរមានចាប់ពីថ្ងៃចន្ទ ទី៥ធ្នូ ឆ្នាំ២០២២នេះ នឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀត បន្តការនាំចូលប្រេងពីរុស្ស៊ីបាន ក៏ប៉ុន្តែអនុញ្ញាតឱ្យតែប្រេងឆៅដែលលក់ក្នុងតម្លៃស្មើ ឬតិចជាង ៦០ដុល្លារក្នុងមួយធុងបារ៉ែលប៉ុណ្ណោះ ។

មន្ត្រីរុស្ស៊ីជាច្រើនរូប បាននិយាយថា ទីក្រុងមូស្គូនឹងមិនលក់ប្រេងទៅឱ្យប្រទេសណាដែលគោរពតាម ទណ្ឌកម្ម ដែលដាក់ដោយ ក្រុមប្រទេសលោកខាងលិចឡើយ ។ អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ីផងនោះ បានសរសេរនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា ការវាយប្រហារឱ្យចំប្រេងដែល ជា ប្រភព ចំណូលដ៏សំខាន់របស់រដ្ឋរុស្ស៊ីនឹង នាំឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង ដល់តម្លៃដែល មិននឹក ស្មានដល់ ។

គួរជ្រាបថា សហភាពអឺរ៉ុបបានចាប់ហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ីកាលពីថ្ងៃចន្ទ ។ ប្រេងឆៅពិភពលោកបានកើនឡើងចំនួន ១,៩៥ % ដោយមានតម្លៃ ៨៧,២៤ ដុល្លារក្នុងមួយធុងបារ៉ែលនៅវេលាម៉ោង ៥ និង ៥២ ល្ងាច ម៉ោងនៅប្រទេសកម្ពុជា ៕
ដោយៈលី លីយ៉ា
ប្រភពព័ត៌មាន៖
Russia says oil price cap won’t stop it from financing Ukraine war effort
G7 Russian oil price cap and EU embargo come into force


ads banner