កម្ពុជាបញ្ជូនកងទ័ពចំនួន២៧៣រូប ទៅបំពេញបេសកកម្មនៅម៉ាលីក្រោមឆត្រអ.ស.ប
ភ្នំពេញ៖កម្ពុជាបានសម្រេចបញ្ជូនជាបន្តនូវកងយោធាមួកខៀវរបស់ខ្លួនចំនួន ២៧៣នាក់ទៅបំពេញបេសកកម្មនៅម៉ាលីក្រោមឆត្រ អង្គការសហប្រជាជាតិ(អ.ស.ប)។
កងសេនាធំទាំងពីរនោះគឺកងកងអនុសេនាធំវិស្វកម្មថែទាំងអាកាសយានដ្ឋានដែលមានកម្លាំងចំនួន១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះចំនួនសរុប១៤៤នាក់ ។កងកម្លាំងទាំងអស់ នឹងទៅកាន់សាធារណរដ្ឋម៉ាលីដើម្បីបំពេញបេសកកម្ម ក្រោមឆត្ររបស់អ.ស.ប ។នេះបើតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ប្រមុខកងទ័ពមួកខៀវកម្ពុជាលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជននៃរដ្ឋដទៃទៀតដែលរងផលប៉ះពាល់ដោយភ្នក់ភ្លើងសង្គ្រាម។
ក្នុងឱកាសសំណេះសំណាលមុនចេញដំណើរនៃក្រុមកងទ័ពមួកខៀវ ២កង ដែលនឹងត្រូវប្តូរវេននៅម៉ាលីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា៖« កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ» ។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរូបនេះ គូសបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជននៃរដ្ឋដទៃទៀតដែលរងផលប៉ះពាល់ដោយភ្នក់ភ្លើងសង្គ្រាម។
ឯកឧត្តម សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា សម្រាប់លោក ប្រតិបត្តិការសន្តិភាព ជាគឺគោលការណ៍សាកលដែលបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីរួមសហការគ្នាជួយដោះស្រាយទុក្ខលំបាករបស់បណ្តាប្រទេសជួបប្រទះការហែកហូរគ្នាដោយជម្លោះប្រដាប់អាវុធ ជាមួយសាមីប្រទេសក្នុងការស្តានិតិសម្បទារ ស្របតាមគោកការណ៍របស់អង្គការសហប្រជាជាតិផ្ទាល់ ក្នុងការកសាងសន្តិភាព និងវឌ្ឍនភាពដល់សាកលលោក។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កងកម្លាំងយោធាមួកខៀវកម្ពុជា ចំនួន៨០១ នាក់ បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅបណ្តាប្រទេសជាច្រើនរួមមាន ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋអាហ្វ្រិកកណ្តាល បើតាមការឲ្យដឹងពីប្រមុខកងយោធាមួកខៀវកម្ពុជាប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងឱកាសជូនដំណើរកងយោធាមួកខៀវកម្ពុជាទៅកាន់តំបន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលីនេះ។
កងកម្លាំងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ(EOD) ដែលចេញដំណើរទៅកាន់តំបន់បេសកកម្មនៅម៉ាលីនាពេលនេះ ជាកម្លាំងនាំមុខចំនួន ៤៤នាក់ ហើយនៅចុងខែធ្នូ ឆ្នាំ២០២២ នេះដែរកម្ពុជាគ្រោងនឹងបញ្ជូនកងកម្លាំងបន្ថែមចំនួន១០០នាក់ទៀត ដើម្បីទៅចូលបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅម៉ាលីដដែលនេះ ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់រយៈ ១ឆ្នាំកន្លងទៅ។
ជុំវិញសកម្មភាពនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កិច្ចការចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនពិភពលោកតាមរយៈការបញ្ជូនកងកម្លាំងខ្លួនដូច្នេះ វាជាការបង្ហាញពីទំនួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិដែលបានរួមចំណែកលើកិច្ចការមនុស្សធម៌ និងការកសាងសន្តិភាព។
លោក គិន ភា គូសបញ្ជាក់ពីកែប្រែមុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈកិច្ចការចូលរួមជាមួយឆត្រអង្គការសហប្រជាជាតិនេះ ដូច្នេះថា៖ វាជាការកែប្រែមុខមាត់ថ្មីរបស់កម្ពុជា ដែលពីមុន ធ្លាប់តែជាប្រទេសដែលពិភពលោកស្គាល់ថាជាប្រទេសគ្រាប់មីន ហើយជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ ឥឡូវនេះយើងដូរទៅជា ប្រទេសដែលបញ្ជូនកម្លាំងរក្សាសន្តិភាពទៅក្រៅប្រទេសវិញ ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បន្ថែមថា តាមរយៈកិច្ចការនេះ ក៏ជាការបើកចំហរទ្វាការទូតសាធារណៈរបស់កម្ពុជា ដែលជាការពង្រីកឥទ្ធិពលនិងតួនាទីរបស់កម្ពុជាតាមរយៈកិច្ចការរក្សាសន្តិភាពនិងមនុស្សធម៌ជូនពិភពលោក។
គួររំឭកថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨៤៧៥នាក់ នៅក្នុងប្រទេសចំនួនប្រាំបួន រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា