អ្នកផ្គត់ផ្គង់ទឹកស្អាតថា របររកស៊ីរបស់ខ្លួនតែនៅមានបញ្ហាប្រឈមមួយចំនួន
កំពង់ឆ្នាំង៖ ស្ថាប័នពាក់ព័ន្ធដែលកំពុងធ្វើការលើកកម្ពស់ទឹកស្អាតនៅកម្ពុជា បានលើកឡើងថា ទោះបីជាមានការកើនឡើងនូវចំនួនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតយ៉ាងណាក្តី ក៏ការប្រឈមក្នុងវិស័យទឹកស្អាត និងការប្រឈមរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតទាំងអង្គភាពរដ្ឋាករសាធារណៈ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅតែមាន។
ថ្លែងក្នុងឱកាសបើកសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ លោក ផុន សុគន្ធ ម្ចាស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតត្បែងខ្ពស់ខេត្តកំពង់ឆ្នាំងបានលើកឡើងថា អ្នកប្រកបអាជីវកម្មទឹកស្អាត មិនមែនប្រកបអាជីវកម្មដើម្បីតែប្រាក់ចំណេញនោះទេ តែក៏ផ្តល់ទៅឱ្យសង្គមវិញនូវទឹកដែលស្អាតដែលមានសុវត្ថិភាព។ ហេតុនេះ លោកជឿថា ប្រតិបត្តិករទឹកស្អាតទាំងអស់ បានឆ្លងកាត់ការលំបាកជាច្រើនតាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់ពេលនេះដូចលោកដែរ។
ម្ចាស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ទឹកស្អាតខ្ញុំបានឆ្លងកាត់ដំណាក់កាលដំបូងដែលលំបាកបំផុតគឺ ការជីកបណ្តាញឆ្លងកាត់ចម្ការមីន ហើយមកដល់បច្ចុប្បន្ននេះក៏នៅតែជួយបញ្ហាប្រឈមមួយចំនួនដូចជា ការជួលជុល និងកសាងផ្លូវប៉ះពាល់ខូចខាតយ៉ាងខ្លាំងដល់បណ្តាញទុយោទឹកស្អាត។ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទមានការយល់ដឹង និងប្រើប្រាស់ទឹកស្អាតនៅមានកម្រិតទាបនៅឡើយ ហើយពួកគាត់មិនបានចូលរួមជួយថែរក្សាបណ្តាញទុយោទឹកស្អាតដែល ជាហេតុធ្វើឱ្យការខូចខាត និងបាត់បង់ទឹកមានបរិមាណច្រើន ដែលធ្វើចំណាយប្រចាំខែមានកម្រិតខ្ពស់»។
យ៉ាងណាមិញ លោកបានបង្ហាញក្តីសង្ឃឹមថា បញ្ហាប្រឈមជាច្រើននឹងត្រូវបានចូលរួមជួយដោះស្រាយពីសំណាក់ ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថា គោលនយោបាយឲ្យមានទឹកស្អាតនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្នុងនាមប្រតិបត្តិករទឹកស្អាត ក៏ខិតខំពង្រឹងសមត្ថភាព គុណភាព និងធានាឱ្យបាននូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើឡើង។
ជាការឆ្លើយតប ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលស្គាល់ចំពោះបញ្ហាដែលបានលើកឡើងនេះ។លោកថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពន្លឿនរៀបចំសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីសេចក្ដីព្រាងច្បាប់នេះបានឆ្លងផុតពីក្រុមការងារអន្តរក្រសួង ហើយត្រៀមដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីឆាប់ៗនេះ។
ឯកឧត្តមបញ្ជាក់ទៀតថា ច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ដើម្បីមានលទ្ធភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាពប្រសិទ្ធភាព និងសេវាកម្មល្អ សម្រាប់ប្រតិ្តបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ពិសេសជំរុញដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតកម្ពុជាថែមទៀត។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស។
បើក្រសួងឧស្សាហកម្ម បានឱ្យដឹងដែរថា បច្ចុប្បន្នប្រជាពលរដ្ឋប្រហែល ៣៤%នៃប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូច្នេះ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត បានកំណត់គោលដៅទាំងពីរខាងលើ ក្រសួង ក៏បានជំរុញទៅវិស័យឯកជនឱ្យបង្កើនការវិនិយោគលើការផ្តត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការដែលបានដាក់ចេញនេះ។ នេះបើតាមការឱ្យដឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈសន្និសីទ និងពិពណ៌ទឹកស្អាតលើកទី៤ ឆ្នាំ២០២២នេះ៕ ដោយ៖ បូរ ពេជ្រហ្សាលីន