ចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានការកូវីដ១៩ទំនងជាដើម្បីសង្គ្រោះស្ថានភាពសេដ្ឋកិច្ច

ចិន៖ប្រទេសចិនគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយយន្តការទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងតែងបំផុតមួយចំនួននៅព្រឹកថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលអ្នកវិនិយោគមានការសប្បាយចិត្តចំពោះការផ្លាស់ប្តូរគោលនយោបាយនេះ។ ការបន្ធូរបន្ថយនេះធ្វើឡើងបន្ទាប់ពីមានការបាតុកម្មតវ៉ា ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចចិនយ៉ាងដំណំអស់រយៈពេលប៉ុន្មានខែមកនេះ។

ចិនបានប្រើប្រាស់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដូចជាការបិទព្រំដែន ការបិទខ្ទប់តំបន់មួយចំនួន ដែលសុទ្ធសឹងតែជាយន្តការផ្ទុយស្រឡះពីពិភពលោកដែលបានសម្រេចចិត្តបន្សាំខ្លួនរស់នៅជាមួយមេរោគមួយនេះ។ គួរដឹងដែរថា យុទ្ធសាស្ត្របិទខ្ទប់ដ៏តឹងរ៉ឹងរបស់ចិនបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឱ្យប្រជាពលរដ្ឋអត់ទ្រាំពុំបាន ក៏ចេញធ្វើបាតុកម្មតវ៉ាប្រឆាំង ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុន ចាប់តាំងពីលោក ស៊ី ជីនពីង ឡើងកាន់អំណាចក្នុងឆ្នាំ២០១២។

ការតវ៉ាបានថមថយចុះចំពេលមានវត្តមានប៉ូលិសចុះធ្វើអន្តរាគមន៍យ៉ាងច្រើននៅទូទាំងទីក្រុងធំៗ។ យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់បានបន្ធូរបន្ថយការបិទខ្ទប់ និងច្បាប់ដាក់ឱ្យធ្វើចត្តាឡីស័ក ជាពិសេសបន្ធូរបន្ថយតម្រូវការឱ្យធ្វើតេស្តជាប្រចាំ។ មន្ត្រីថ្នាក់ដឹកនាំជាច្រើនក៏បានបន្ទន់សម្លេងរបស់ខ្លួនជុំវិញទំហំគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគនេះ។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃបានប្រកាសកាលពីយប់ថ្ងៃចន្ទថា ខ្លួននឹងដកចេញនូវការទាមទារឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ សម្រាប់មនុស្សដែលចង់ធ្វើដំណើរចូលទៅកាន់កន្លែងសាធារណៈចាប់ពីថ្ងៃអង្គារ។ ហើយច្បាប់កូវីដ១៩ថ្មីនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ដោយបើកផ្លូវសម្រាប់ការសម្របសម្រួលឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ទីក្រុងប៉េកាំងក៏កំពុងថ្លឹងថ្លែងថាតើត្រូវកាត់បន្ថយការរឹតបន្តឹងរបស់ខ្លួនឬក៏យ៉ាងណា។

ជាងនេះទៅទៀត អ្នកវិភាគបានព្យាករណ៍ថា ប្រទេសចិនអាចនឹងបិទបញ្ចប់វិធានការរឹតបន្តឹងព្រំដែន និងបើកដំណើរសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅឆ្នាំក្រោយ ហើយអ្នកខ្លះទៀតមើលឃើញថាចិននឹងបើកប្រទេសពេញលេញនៅនិទាឃរដូវខាងមុខនេះ។

សេដ្ឋវិទូចិន លោក ទិង លូ (Ting Lu) បានលើកឡើងនៅក្នុងការស្រាវជ្រាវមួយកាលពីថ្ងៃចន្ទថា៖ «ទោះបីជាយើងមានសង្ឃឹមថានឹងមានការបើកឡើងវិញក៏ដោយ យើងនៅតែគិតថាវាអាចមានភាពយឺតយ៉ាវ និងរដិបរដុបខ្លះ»។ លោកបន្ថែមថា ប្រទេសចិនហាក់មិនបានរៀបចំបានល្អ និងទាន់ពេលវេលាសម្រាប់រលកនៃការឆ្លងដ៏ធំនោះទេ។

លោក ហ្វឹង ជឺជាន (Feng Zijian) អតីតអនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ចិនបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅពេលដែលការឆ្លងកើនឡើង ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រត្រូវទទួលរងសម្ពាធខ្លាំង ដូច្នេះហើយករណីស្រាល និងគ្មានរោគសញ្ញា គួរធ្វើចត្តាឡីស័កនៅផ្ទះ។ លោកបានប្រាប់អ្នកសារព័ត៌មានរដ្ឋបាលសៀងហៃក្នុងបទសម្ភាសន៍មួយថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន គួរតែប្រញាប់ចាក់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជាពិសេសមនុស្សចាស់ និងជនងាយរងគ្រោះ។

អ្នកស្រី យិន រស់នៅក្បែរទីក្រុងប៉េកាំង បាននិយាយថា ម្ដាយក្មេករបស់នាងមានអាការគ្រុនក្តៅ ហើយឈឺបំពង់ក ប៉ុន្តែពួកគេមិនចង់ធ្វើតេស្តទេ ព្រោះខ្លាចគេដាក់ឱ្យនៅដាច់ដោយឡែក។ នាងបានប្រាប់សារព័ត៌មាន Reuters ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «អ្វីដែលយើងចង់បានគឺការជាសះស្បើយនៅផ្ទះ»។

ដោយឡែក ប្រាក់យ័ន (Yuan) បានកើនឡើងយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារចាប់តាំងពីពាក់កណ្តាលខែកញ្ញា ខណៈដែលអ្នកវិនិយោគរំពឹងទុកថា ការបន្ធូរបន្ថយវិធានការកូវីដ១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចអាចងើបឡើងមកវិញ។ ជាក់ស្ដែង រោងចក្រ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតនៅលើពិភពលោកទៅកាន់ក្រុមហ៊ុន Apple រំពឹងថាខ្លួននឹងបន្តបើកដំណើរការផលិតកម្មពេញលេញក្នុងខែនេះ ឬដើមឆ្នាំក្រោយ។ គួរដឹងដែរថា ទិន្នន័យសេដ្ឋកិច្ចបានគូសបញ្ជាក់ពីការខូចខាតបណ្ដាលមកពីវិធានការកូវីដ១៩ ដោយសកម្មភាពសេវាកម្មបានធ្លាក់ចុះដល់កម្រិតទាបខ្លាំងក្នុងរយៈពេល ៦ ខែមកនេះ។

ទន្ទឹមនឹងការបន្ធូរបន្ថយវិធានការកូវីដ១៩ ឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ឈុនឡាន ដែលមើលការខុសត្រូវលើការអនុវត្តវិធានការកូវីដ១៩ បានលើកឡើងកាលពីសប្តាហ៍មុនថា សម្ទុះនៃការឆ្លងកំពុងមានការថយចុះជាងមុន។ ការលើកឡើងនេះស្របទៅនឹងមន្ត្រីសុខាភិបាលជាច្រើននៅជុំវិញពិភពលោក ដែលបានសង្កេតឃើញអស់រយៈពេលជាងមួយឆ្នាំមកនេះ។ ប៉ុន្មានថ្ងៃនេះ ទីក្រុងធំៗនៅទូទាំងប្រទេសចិនបានបន្តបន្ធូរបន្ថយវិធានការជាបណ្ដើរៗហើយ។

ក្នុងចំណោមទីក្រុងទាំងអស់ ទីក្រុងណានជីង (Nanjing) នៅភាគខាងកើតបានលុបចោលការទាមទារឱ្យធ្វើតេស្តមុនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ ទីក្រុងប៉េកាំងក៏ដូចគ្នាដែរ ទោះបីជាការធ្វើដំណើរចូលទៅកាន់ការិយាល័យផ្សេងៗនៅក្នុងរដ្ឋធានី នៅតែបន្តទាមទារការធ្វើតេស្តអវិជ្ជមានជាមុនក៏ដោយ។

លោក រ៉ានដល លី (Randle Li) អាយុ ២៥ ឆ្នាំ ជាអ្នកជំនាញផ្នែកទីផ្សារនៅទីក្រុងប៉េកាំងបាននិយាយថា «ខ្ញុំមិនមានអារម្មណ៍ថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅឡើយទេ»។ លោក លី បានឱ្យដឹងថាក្រុមហ៊ុនរបស់លោកនៅតែតម្រូវឱ្យគាត់ធ្វើតេស្តជារៀងរាល់ថ្ងៃដើម្បីអាចដើរចូលការិយាល័យធ្វើការបាន។

លោក ហ៊ូ ស៊ីជិន (Hu Xijin) ដែលជាអ្នកអត្ថាធិប្បាយដ៏លេចធ្លោ និងជាអតីតនិពន្ធនាយកនៃកាសែត Global Times បានលើកឡើងថា តួលេខនៃការឆ្លងមួយចំនួនទំនងជាមិនបានរាយការណ៍បានទាំងអស់នោះទេ ដោយសារតែអត្រានៃការធ្វើតេស្តនៅមានទាប។ យ៉ាងណាក៏ដោយ ខណៈពេលដែលការតវ៉ាកំពុងស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងៗ ការបង្ហាញការខកចិត្តនៅតែបន្តកើតមានឡើង។

ជាក់ស្ដែង វីឌីអូខ្លីមួយបានបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃសៅរ៍ បានបង្ហាញឱ្យឃើញថា ក្រុមមនុស្សបានរុញច្រានរបាំងការពារនៅលើដងផ្លូវដើម្បីអាចចាកចេញពីកន្លែងបិទខ្ទប់នៅឯសួនឧស្សាហកម្មកាត់ដេរមួយកន្លែង។ វីឌីអូមួយទៀតបានបង្ហាញថា កាលពីថ្ងៃអាទិត្យ សិស្សានុសិស្សជាច្រើននាក់បានឈរក្រោមទឹកភ្លៀងនៅខាងក្រៅសាកលវិទ្យាល័យមួយក្នុងទីក្រុងដើម្បីទាមទារឱ្យមានតម្លាភាពជុំវិញគោលនយោបាយកូវីដ១៩។ យោងតាម Reuters ករណីនេះបានកើតឡើងនៅឯទីក្រុងវូហាន (Wuhan)៕ ដោយ៖ ធា សុខណា

ads banner