កូរ៉េខាងត្បូងបញ្ជូនអាវុធធុនធ្ងន់លើកដំបូងទៅឱ្យប៉ូឡូញ នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៥.៨ពាន់លានដុល្លារ

វ៉ាសូវី៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា និងរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានមកទទួលយករថក្រោះ និងយន្តហោះចម្បាំងជុំដំបូងពីកូរ៉េខាងត្បូង ដោយសាទរចំពោះការអនុវត្តយ៉ាងឆាប់រហ័ស នៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅរដូវក្តៅ ចំពេលប្រឈមមុខនឹងសង្គ្រាមនៅប្រទេសជិតខាងអ៊ុយក្រែន។

លោក ឌូដា និងលោក ប្លាសហ្សាក់ បានចុះទស្សនកិច្ចដោយផ្ទាល់នៅកំពង់ផែកងទ័ពជើងទឹកប៉ូឡូញ Gdynia នៅលើឆ្នេរសមុទ្របាល់ទិក ដើម្បីទទួលការមកដល់តាមផ្លូវសមុទ្រ នៃរថក្រោះ Black Panther K2 ចំនួន១០គ្រឿងដំបូង រួមជាមួយនឹងយន្តហោះ Thunder K9 ចំនួន២៤គ្រឿង ពីកិច្ចព្រមព្រៀងទំហំ ៥.៨ពាន់លានដុល្លារជាមួយកូរ៉េខាងត្បូង។

លោក ឌូដា បាននិយាយដោយឈរនៅចំពោះមុខរថក្រោះ និងអ្នកបើករថក្រោះថា ល្បឿនដ៏លឿននៃការបញ្ជូននេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែន។ ប្រធានាធិបតីប៉ូឡូញរូបនេះបន្ថែមថា នេះជាអនាគត… នេះជាការពង្រឹងសន្តិសុខរបស់ប៉ូឡូញយ៉ាងពិតប្រាកដ។ លោកថា ដើម្បីបញ្ឈប់ការឈ្លានពាន ដើម្បីបញ្ឈប់សត្រូវ វាចាំបាច់សម្រាប់កងទ័ពត្រូវមានឧបករណ៍ទំនើបនេះ។

ចំណែករដ្ឋមន្ត្រីក្រសួងសព្វាវុធរបស់កូរ៉េខាងត្បូង លោក Eom Dong-hwan បាននិយាយថា ការមកដល់នៃបរិក្ខារយោធាកូរ៉េខាងត្បូង មានសារៈសំខាន់ដ៏អស្ចារ្យសម្រាប់ប្រវត្តិសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងត្បូង និងប៉ូឡូញ។

ពួកលោកបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការរបស់ប៉ូឡូញ ដែលជាប្រទេសសហភាពអឺរ៉ុប ដើម្បីបង្កើនការទប់ស្កាត់ និងសក្តានុពលការពាររបស់ខ្លួនជាបន្ទាន់ ខណៈដែលរុស្ស៊ីកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន ឆ្លងកាត់ព្រំដែនភាគខាងកើតនៃប្រទេសប៉ូឡូញ៕

ប្រភព៖ CNN ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner