អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ប្រភេទ បៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ឃាត់មនុស្សប្រុសស្រី ១២នាក់ និងដកហូតវត្ថុតាងជាច្រេីន
ភ្នំពេញ៖ នារសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅអាគារភ្លោះព្រីនផ្លាហ្សារ ជាប់ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការ ខាងលេី ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា ទូហ្គេមបាញ់ត្រី ៤គ្រឿង, ទូហ្កេម តុក្កតា ១២គ្រឿង, តុ លេងបាក្រាត ចំនួន០២, ទូរសព្ទ ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង, ម៉ាសុីនគិតលេខ ១គ្រឿង, ម៉ាសុីនរាប់លុយ ១គ្រឿងនិងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។ បច្ចុប្បន្ន វត្ថុតាង ព្រមទាំងមនុស្សទាំងអស់ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

