សម្តចក្រឡាហោម ស ខេង អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារចក្ខុវិស័យ និង យុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្មការកែទម្រង់៣បូក១នៃរាជរដ្ឋាភិបាល
ភ្នំពេញ៖ រសៀលថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពី «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល» ប្រារព្ធនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
របាយការណ៍បានឱ្យដឹងថា ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និង បទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកល។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក្នុងនាមគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកំណែទម្រង់ ទាំង៤ រួមមាន កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឬហៅម្យ៉ាងទៀតថាកំណែទម្រង់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដែលបានសហការគ្នារៀបចំឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មការកែទម្រង់៣បូក១ ព្រមទាំងការរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនៅពេលនេះ។
សម្ដេចក៏បានណែនាំឱ្យពិនិត្យលទ្ធភាពផ្តល់ការគាំទ្រធនធានមធ្យោបាយដល់កំណែទម្រង់នីមួយៗឲ្យបានសមស្រប និងស្នើបន្តផ្តល់ការគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង ៤ឲ្យកាន់តែសកម្មបន្ថែមទៀតដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួមនៃកំណែទម្រង់ពន្ធនេះ គឺការពង្រឹងគុណភាពដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ សម្ដេចក៏ស្នើឲ្យអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកំណែទម្រង់ទាំ៤ត្រូវបន្តសហការគ្នាផ្សព្វផ្សាយ និងការកៀងគរការគាំទ្រពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាល រួមមានដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍មូលដ្ឋាន និងសាធារណជនទូទៅ ៕ ដោយ-រ៉ាវុធ



