តួកគីជំរុញឱ្យសហរដ្ឋអាមេរិកពន្លឿនការអនុម័តលក់យន្តហោះចម្បាំង F-16 ឱ្យបានឆាប់ដល់តួកគី
អ៊ីស្តង់ប៊ុល៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ ក្នុងថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ការលក់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសតួកគី ចាំបាច់ត្រូវបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ខាវូសូគ្លូ បានថ្លែងបែបនេះនៅក្នុងសន្និសិទកាសែតរួមគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងរដ្ឋមន្រ្តីការបរទេសម៉ុលដាវី លោក នីគូ ប៉ូប៉េស្គូ ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសភាអាមេរិកចុងក្រោយ ដើម្បីដកចេញលក្ខខណ្ឌរឹតបន្តឹងលើការលក់យន្តហោះ F-16 ទៅឱ្យតួកគី។
តួកគីមានគោលបំណងពង្រឹងកងកម្លាំងទ័ពអាកាសរបស់ខ្លួន ជាមួយនឹងការប្រើប្រាស់យន្តហោះ F-16 ចំនួន៤០គ្រឿងរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា តួកគីក៏ធ្លាប់បាននិយាយពីមុនដែរថា ខ្លួននឹងពិចារណាលើជម្រើសផ្សេងៗ រួមទាំងរុស្ស៊ីផងដែរ ប្រសិនបើកិច្ចព្រមព្រៀងទិញយន្តហោះ F-16 បរាជ័យ។
ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតួកគីបានជាប់គាំង ចាប់តាំងពីក្រោយទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ដែលធ្វើឱ្យអាមេរិកសម្រេចចិត្តដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំង F-35 របស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

