ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្ស ២៥ នាក់ពីបទប៉ុនប៉ងផ្ដួល រំលំរដ្ឋាភិបាល

អាល្លឺម៉ង់៖ ក្រុមប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្ស ២៥ នាក់ កាលពី ព្រឹកថ្ងៃពុធ ដោយសង្ស័យថាបានរៀបចំផែនការផ្តួល រំលំរដ្ឋាភិបាល ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាសាធារណៈបានឱ្យដឹងថាអាជ្ញាធរបានចោទប្រកាន់អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះមួយចំនួនថាជាក្រុមអង្គការភេរវករ ខណៈដែលបីនាក់ទៀត រួមទាំង ជនជាតិរុស្សីម្នាក់ផង ត្រូវបានឃុំខ្លួនដោយសង្ស័យថាជាអ្នកគាំទ្រ អង្គការខុសច្បាប់មួយនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Marco Buschmann បាន សរសេរនៅលើបណ្ដាញ Twitter ថា «ករណីនេះត្រូវបានគេ សង្ស័យថា ជាការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងស្ថាប័ន រដ្ឋធម្មនុញ្ញ»។

គួររម្លឹកផងដែរថា អាល្លឺម៉ង់បានចាត់វិធានការបង្រ្កាបក្រុ មយោធាមួយ ក្រោយពីមានរបាយការណ៍ថាជាក្រុមស្តាំជ្រុល និយម។ ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងរដ្ឋចំនួន ១១ ក្នុងចំណោមរដ្ឋទាំង ១៦ របស់ប្រទេសអាល្លឺម៉ង់ ហើយក៏បាន កត់សម្គាល់នូវប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស នេះបើតាមសារព័ត៌មានអាល្លឺម៉ង់។

កាលពីថ្ងៃពុធ រដ្ឋអាជ្ញាសាធារណៈសហព័ន្ធបានចេញ សេចក្តី ថ្លែងការណ៍ថា ក្រុមនេះត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយបានចូលរួមប្រើប្រាស់នូវទ្រឹស្តីឃុបឃិ តរបស់ សហរដ្ឋអាមេរិក និងជាចលនានយោបាយប្រឆាំងមួយ ដែលគេហៅថា QAnon និងចលនាស្តាំនិយមជ្រុល Reichsbürger។

ទ្រឹស្ដីទាំងពីរនេះបានបង្រៀនមនុស្សឱ្យយល់ឃើញថាគ្មានទេរដ្ឋសម័យទំនើប ដូចជារដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ននេះជាដើម។ សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ៖ «ជនជាប់ ចោទទាំងអស់ត្រូវបានបដិសេធយ៉ាងខ្លាំងពីសំណាក់ស្ថាប័នរដ្ឋ»។
ក្រុមចលនានេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អំពើហិង្សា និងបានទទួលស្គាល់ថាការស្លាប់អាចនឹងកើតមានឡើង។ ក្រុមប្រឹក្សាកណ្តាលរបស់ក្រុមនេះគឺត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ Heinrich XIII P.R. និងដែលមានជាប់ពាក់ព័ន្ធជាមួយ អ្នកតំណាងរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានកំណត់អត្តសញ្ញាណថាព្រះអង្គម្ចាស់ Heinrich XIII ព្រះជន្ម ៧១ ព្រះវស្សា ជាសែស្រឡាយ គ្រួសារ រាជវង្សមួយដែលមានឈ្មោះថា House of Reuss មកពីរដ្ឋ Thuringia នៃប្រទេសអាល្លឺម៉ង់។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា ៖ «ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ សមាជិកនៃក្រុមប្រឹក្សានេះ បានជួបប្រជុំគ្នាជាទៀងទាត់ និងដោយសម្ងាត់ ដើម្បីរៀបចំផែនការវាយដណ្ដើមអំណាច និងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ តាមរយៈការបង្កើតរចនា សម្ព័ន្ធ គ្រប់គ្រងរដ្ឋដោយខ្លួនគេផ្ទាល់»។

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា ពួកគេបានបង្កើតរចនា សម្ព័ន្ធ ស្រដៀងនឹងគណៈរដ្ឋមន្ត្រីរដ្ឋាភិបាល ដែលមាន នាយកដ្ឋានយុត្តិធម៌ កិច្ចការបរទេស និងសុខភាពជាដើម។

ក្រុមប្រឹក្សាមួយនេះក៏មានអាវុធយោធាផងដែរ ដែលអាចនឹង ប្រើប្រាស់ក្នុងការចូលរួមក្នុងចលនាដណ្ដើមកាន់កាប់អំណាចនេះ។ រដ្ឋអាជ្ញាបានលើកឡើងថា ក្រុមចលនានេះរួមមាន អតីត សមាជិកនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ ហើយក៏បានបន្តកិច្ចខិតខំប្រឹងប្រែងជ្រើសរើសសមាជិកបន្ថែមទៀត ដែលគោលដៅរបស់ពួកគេគឺតម្រង់ទៅរកសមាជិកយោធា និងប៉ូលិស។

ទស្សនាវដ្ដីមួយឈ្មោះថា Der Spiegel បានរាយការណ៍ថា បន្ទាយអង្គភាពបញ្ជាការកងកម្លាំងពិសេសរបស់ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា KSK ក៏ស្ថិតក្នុងចំណោមទីតាំងដែលត្រូវ បានចុះបង្រ្កាបផងដែរ។ គួររម្លឹកផងដែរថា ក្រសួងការពារជាតិ អាល្លឺម៉ង់ធ្លាប់បានរំលាយអង្គភាពកងកម្លាំងប្រឆាំងភេរវកម្មមួយកាលពីឆ្នាំ ២០២០ ហើយបានប្រកាសរៀបចំរចនាសម្ព័ន្ធ អង្គភាព នោះឡើងវិញ ដោយសារតែមានការសង្ស័យថាសមាជិកខ្លះមាន ជាប់ពាក់ព័ន្ធជាមួយពួកស្តាំនិយមជ្រុល។

យោងតាមកាសែត Die Zeit របស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ជនជាប់ចោទម្នាក់បានបង្ហោះសារអំពីការកាត់ទោសឧក្រិដ្ឋជនសង្គ្រាមណាស្ស៊ីដែលបានធ្វើឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ នៅលើតេឡេក្រាម (Telegram) មិនបានប៉ុន្មាននាទីផង ក៏ត្រូវកងកម្លាំងចុះបង្រ្កាបភ្លាមៗ។

ជនសង្ស័យនឹងត្រូវចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃពុធ និងថ្ងៃ ព្រហស្បតិ៍៕
ដោយ៖ធា សុខណា
ប្រភព៖ https://www.washingtonpost.com/world/2022/12/07/germany-coup-arrests-reichsbuerger-heinrich/

ads banner