ធនាគារវីងចាប់ដៃគូរជាមួយ Women’s World Banking ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ ភ័ស្តុតាងជាសាកលបង្ហាញថា ការប្រើចក្ខុវិស័យ យេនឌ័រ ក្នុងការរចនាគោលនយោបាយ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុ អាច ជំរុញឱ្យ មានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងការចូលរួម ក្នុង សកម្មភាពសេដ្ឋកិច្ច។
ដើម្បីជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈបរិយាបន្នហិរញ្ញវត្ថុនោះ Women’s World Banking (WWB) រួមជាមួយ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការជួបជុំនិយតករ អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអ្នកភាគីពាក់ព័ន្ធប្រមាណ៤០នាក់នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ Women’s World Banking (WWB) ដែល ជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ មានបទពិសោធន៍ ជាង៤០ឆ្នាំ ក្នុងការរចនាដំណោះស្រាយជាមួយអ្នកផ្តល់ សេវា ហិរញ្ញវត្ថុដើម្បីឈានចូលទីផ្សារស្ត្រីដែលមានប្រាក់ចំណូលទាបដោយប្រើវិធីសាស្រ្តរចនាដែលផ្តោតលើស្ត្រី។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានលើក ឡើងនូវចំនុចសំខាន់ៗអំពីរបៀបដែលបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីអាចកសាងផ្លូវឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ច។ ឯកឧត្តមក៏ បានចែករំលែកទិដ្ឋភាពទូទៅនៃកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួច ផ្តើម នានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនបរិយាបន្ន ហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញ វត្ថុនៅក្នុងប្រទេស ជាពិសេស សម្រាប់ស្ត្រី។
នាឱកាសនោះដែរ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារីក៏បានចែករំលែកអំពីសារៈសំខាន់នៃការមានចក្ខុវិស័យយេនឌ័រ នៅពេលរៀបចំយុទ្ធសាស្ត្របរិយាបន្ន ហិរញ្ញវត្ថុ សម្រាប់ស្ត្រីផងដែរ។ នៅក្នុងកម្មវិធីនេះដែរ ក៏មានកិច្ចពិភាក្សាលើប្រធានបទ “គំរូល្អក្នុង ការធ្វើឱ្យ បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីក្លាយជាមាគ៌ាឆ្ពោះទៅ រកការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា”ផងដែរ។
ការពិភាក្សាបានសន្និដ្ឋានថា ការអនុវត្តចក្ខុវិស័យយេនឌ័រនៅពេល រចនាផលិតផល និង សេវាកម្មហិរញ្ញវត្ថុ ព្រមទាំងគោល នយោបាយនានារបស់រាជរដ្ឋាភិបាល អាចបង្កើនឱកាស សម្រាប់អ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីឈានកាន់តែជិត ទៅដល់អតិថិជនជាស្ត្រី ដែលនឹងនាំទៅដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលពីសេវាហិរញ្ញវត្ថុផងដែរ៕ ដោយ៖ ទីណា

