កម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាល កំពូលទាំង៣០ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌

ភ្នំពេញ ៖ កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះលើកដំបូងនៅក្នុងខែមីនា ឆ្នាំ ២០២៣ខាងមុខ ដើម្បីធ្វើការវាយតម្លៃបារ រង្គសាល ដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនិងអ្នកក្រឡុកស្រាដ៏ជំនាញ ជាមួយនឹងការផ្សព្វផ្សាយទៅកាន់ទីផ្សារជាតិនិងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល មិនតែប៉ុណ្ណោះជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់ ក្នុងការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ។

តាមការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា អ្នកជំនាញបានបង្ហាញថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាតមួយហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗនិងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះកម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុកនិងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ដែលពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់ នេះពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសន៍មួយរបស់ លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង 30 ។

អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards 2023 របស់កម្ពុជានឹងចាប់ផ្តើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល150 ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម 100 បាររង្គសាលប៉ុណ្ណោះ។

នោះហើយជាពេលដែលបាររង្គសាលដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន 50 បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយនឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង 30 ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់នៅក្នុងពិធីជប់លៀងនៃកម្មវិធីប្រគល់ពានរង្វាន់។

កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងខែមីនា ឆ្នាំ 2023 ដោយមានអ្នកចូលរួមប្រហែល 400 នាក់ រួមមានម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការនី និងក្រុមអ្នកសារព័ត៌មានជាដើម។

Cambodia Top 30 Bar Awards នឹងប្រមូលថវិកាសម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយដែលមានបទពិសោធន៍១៦ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និង កម្មវិធីអភិវឌ្ឍន៍សហគមន៍ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិចា្ចគទៅអង្គការផ្កាយសមុទ្រដើម្បីគាំទ្របេសកកម្មពួកគេ។

កម្មវិធីនេះមានការឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថមផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers និង Giffard។
ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តធ្វើទៅប្រទេសផ្សេងៗទៀត រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ ជាដើម ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner