កម្ពុជា និងកូឡុំប៊ី រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Francisco José Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី បានធ្វើជាសហប្រធាន រៀបចំកិច្ចប្រជុំនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបូហ្គូតា ដើម្បីបានពិនិត្យឡើងវិញការងារដែលបានព្រមព្រៀងគ្នា ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ និងបានកំណត់ទិសដៅថ្មី នៃវិធានការជាក់លាក់ ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មតាមរយៈការចែករំលែកបច្ចេកវិទ្យា ជាពិសេសការបង្កាត់ពូជស្រូវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកជំនាញ។ ភាគីកូឡុំប៊ី ក៏បានស្នើឱ្យមានគម្រោងបណ្តុះបណ្តាលរួមគ្នា រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយៈសេវាបណ្តុះបណ្តាលជាតិ របស់ក្រសួងការងារកូឡុំប៊ី។
ចំពោះកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការរក្សាសន្តិភាព ភាគីកូឡុំប៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដោះមីនដល់មន្ត្រីកូឡុំប៊ីជាង ១៨០នាក់ ចាប់ពីឆ្នាំ២០១០។
ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលមន្រ្តីកូឡុំប៊ីរយៈពេលបីឆ្នាំបន្ថែមទៀត (២០២៣-២០២៥) ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ជប៉ុន-កូឡុំប៊ី។
ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូឡុំប៊ី ៕ ដោយ សួង ពិសិដ្ឋ
