អាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ នឹងជួយដោះស្រាយបញ្ហាខ្វះទឹករបស់ពលរដ្ឋភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ ៖ យ៉ាងយូរពីរឆ្នាំទៀត គម្រោងពង្រីកប្រព្រឹត្តិកម្មផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមត្ថភាពអាច​ផលិតទឹកស្អាតបានចំនួនបីម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នឹងអាចឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងអាចជួយដោះស្រាយបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងភ្នំពេញបានថែមទៀត។​

គម្រោងសាងសងអាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ​ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជា ១១ភាគរយនៃគម្រោងទាំងមូល ដែលមានទំហំការងារដូច​ជា​ សាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ៣០ ០០០ម៣/ថ្ងៃ អាងស្តុកទឹកស្អាត ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការបំពាក់នាឡិកាទឹកមេ និងបំពាក់ប្រព័ន្ធ SCADA។​

ពាក់ព័ន្ធអាងប្រព្រឹត្តកម្មទឹកស្អាតនេះដែរ បើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអិវឌ្ឍន៍​នៅកម្ពុជា ជាពិសេសនៅក្នុងវិស័យទឹកស្អាត ដើម្បីធានានិរន្តរភាព ក្នុង​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ។ ​

ឯកឧត្តមបាន​ឱ្យដឹង​ថា ៖ «ការសាងសង់គម្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ​ស្របពេលដែលចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់​ ដែលធ្វើឱ្យតម្រូវការទឹកកើនឡើងទ្វេដង ទន្ទឹមនឹងតម្រូវការសម្រាប់ផ្គត់ផ្គង់ទឹក ដល់អាកាសយានដ្ឋានថ្មី ខណៈកន្លងមកនៅតំបន់តាខ្មៅផងដែរ»។

ឯកឧត្តម ចម ប្រសិទ្ធ បានបន្តថា ចាប់តាំងពីឆ្នាំ២០០៤មក ​ទឹកស្អាតសម្រាប់ប្រើប្រាស់ គឺផ្គត់ផ្គង់ដោយរោងចក្រតូចមួយ​ ដែលមានទំហំត្រឹមតែ៥០ម៉ែត្រ​គូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតមានការខ្វះខាត បើទោះបីជា មានការបន្ថែមការតភ្ជាប់ពីរដ្ឋាករទឹកក្រុងភ្នំពេញក៏ដោយ។​

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ដែរថា បន្ទាប់ពីសាងសង់រួច គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាតនៅក្រុងតាខ្មៅ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់​ព្រលាន​យន្ត​ហោះថ្មី ដែលកំពុងសាងសង់ និង​ការចែក​ចាយ​ទៅដ​ល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ព្រលា​ន​យន្ត​នោះថែមទៀត។

ឆ្លៀតឱកាសនោះ ឯកឧត្តមបានស្នើទៅ​អង្គ​ភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ការពារប្រភពទឹក ការពារសុវត្ថិភាពអាងប្រព្រឹត្តិកម្មផងដែរ។​

ទន្ទឹមការលើកឡើងនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហាញក្តីរំភើបសម្រាប់ពលរដ្ឋក្រុងតាខ្មៅ ខេត្តកណ្តាល ចំពោះសមិទ្ធផលថ្មីៗនេះ ។

លោកថា អាងប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងធានាដល់ការប្រើប្រាស់ទឹកស្អាតបន្ថែមទៀតសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ ព្រោះបើគ្មានទឹកប្រើប្រាស់ទេជីវិតមិនអាចធានាបាននូវសុខភាពគ្រួសារទេ។ ​

អភិបាលខេត្តកណ្តាលរូបនេះ បានបញ្ជាក់ដូច្នេះដែរថា ៖ «រាល់ការប្រើប្រាស់ទឹកស្អាត ដែលទទួលបានពីការត្រង់ទឹកភ្លៀងទុក ប្រភពទឹកអណ្តូង ជាពិសេសទឹកដាំឆ្អិនជាប្រចាំគឺអាចជួយទប់ស្កាត់រាល់មេរោគរាលត្បាត និងជម្ងឺផ្សេងៗបាន។ ដូច្នេះការប្រើប្រាស់ទឹកស្អាត ពីអាងប្រព្រឹត្តកម្មទឹកស្អាតនេះ គឺជាកត្តាចាំបាច់ណាស់សម្រាប់ជីវិតរស់នៅរបស់សហគមន៍យើង»។​

គួរបញ្ជាក់ថា ការអភិវឌ្ឍន៍អាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅ​ក្រោម​ជំនួយ​ឥត​សំណង​រាជ​រដ្ឋាភិបាលជប៉ុន សរុបប្រមាណ ៣ ៤២១លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេសជប៉ុន (JICA) ដោយគ្រោងនេះដំណើរសាងសង់រយៈពីរឆ្នាំទៀត ពោលគឺចាប់ផ្តើម​ដំណើរ​ការ​សាងសង់​នៅខែមិថុនា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ ​

គម្រោងនេះ មាន​សមត្ថភាព​ផលិតបីម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈ​គម្រោង​នេះ​ដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការ​ថែទាំ​លក្ខណៈ​បច្ចេក​ទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន នឹង​លក់​ជាវ​ដុំ​ជូន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី ៥០០រៀលក្នុងមួយម៉ែត្រគូប។​

តាមរយៈគម្រោងខាងលើ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ(MIKAMI MASAHIRO )ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏វាយតម្លៃខ្ពស់ថា សមិទ្ធផល​នេះជាមោទនភាព និងមានសារៈសំខាន់ណាស់សម្រាប់ចូលរួមចំណែកនូវគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

លោកថា​ ​បើទោះបីជាលោកនឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឆាប់ៗនេះក៏ដោយ ​លោកជឿជាក់ថា អ្នកបន្តវេនពីលោក នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា -ជប៉ុន កាន់តែប្រសើឡើងក្នុងនោះវិស័យទឹកស្អាតនឹងបន្តរីកចម្រើនបន្ថែមទៀត ពិសេសជួយជំរុញឱ្យការអភិវឌ្ឍន៍អាងប្រព្រឹត្តិកម្មទឹកស្អាតជូនពលរដ្ឋកម្ពុជាថែមទៀត៕

 ដោយ៖បូរ ពេជ្រហ្សាលីន

ads banner