​​ប្រ​ធានាធិបតី​ប៉េរូ​​​ត្រូវ​​​បាន​គេ​ទម្លាក់​​ចេញ​​​ពី​​តំណែង​ និង​ចាប់​ខ្លួន​​​​​​ បន្ទាប់​​ពី​​​ប៉ុន​ប៉ង​រំលាយ​សភា​

ប៉េរូ៖ ប្រធានាធិបតី​ប៉េរូ លោក​ ពេដ្រូ​ ខាស្ទីឡូ (Pedro Castillo) ត្រូវ​​បាន​សមាជិក​សភា​បោះ​ឆ្នោត​​ទម្លាក់​ចេញ​ពីតំណែង​​កាល​ពី​ថ្ងៃ​ពុធ​ទី​ ០៧ ខែ​ធ្នូ និង​ត្រូវ​បាន​ចាប់​ខ្លួន​​​ភ្លាម​ៗ​​បន្ទាប់​ពី​នោះ ​​ក្រោម​បទ​ចោទ​ប្រកាន់​​​ឧក្រិដ្ឋកម្ម​​នៃ​ការ​បះ​បោរ​ បន្ទាប់​ពី​លោក​ប៉ុន​​ប៉ង​រំលាយ​សភា​​។ ​

​ប៉ុន្មាន​ម៉ោង​ក្រោយមក​​ លោក​ស្រី​ ​ឌីណា ​បូលូអាត​ (Dina Boluarte) ដែល​​ជា​​​អនុ​​ប្រធានាធិបតី​ ​​​បាន​ស្បថ​ចូល​កាន់​តំណែង​​បន្ត​នៅ​សភាដែល​មាន​សមាជិក​ ១៣០ រូប​​ ហើយ​តំណែង​នេះ​ធ្វើ​ឱ្យ​​​លោក​​​ស្រី​​​ក្លាយ​ជា​ប្រធានាធិបតី​ទី​៦​របស់​ប្រទេស​ប៉េរូ​​ក្នុង​​រយៈ​ពេល​​តិច​ជាង​ប្រាំ​ឆ្នាំ​។ ​

សូម​បញ្ជាក់​ថា​ សភា​ប៉េរូ​​ចំនួន​ ១០១ រូប​ បាន​បោះ​ឆ្នោត​​​សម្រេច​ចិត្ត​ទម្លាក់​លោក​ ខាស្ទីឡូ​ ដែល​បាន​ប្រកាសពី​​ផែនការ​រំ​លាយ​សភា​ និងដាក់​​​រដ្ឋាភិបាល​ក្នុង​គ្រា​អាស​ន្ន​ និង​​​​អំពាវ​​នាវ​​​​​ឲ្យ​​​មាន​​ការ​​បោះឆ្នោត​​សភា​​ដើម្បី​​ធ្វើ​​ការ​​លើ​​​បង្កើត​​រដ្ឋ​ធម្មនុញ្ញ​​ថ្មី​​ កាល​ពី​​ថ្ងៃ​ពុធ​ដដែល​។

​ចំណាត់​ការ​របស់​លោក​ ខាស្ទីលូ​ ដែល​​គ្រប់​អ្នក​ជំទាស់​ហៅ​ថា​ជា​ «ការ​ប៉ុនប៉ង​ការ​ធ្វើ​រដ្ឋ​ប្រហារ​» បាន​បង្ក​​​ឱ្យ​មាន​ការ​លា​លែង​ពីបណ្ដា​​គណៈ​រដ្ឋ​មន្ត្រី​ជា​បន្ត​បន្ទាប់​ ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ពី​មន្ត្រី​កំពូល​ៗ​ និង​ការ​ថ្កោល​ទោស​ពី​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ រួម​ទាំង​អាហ្សង់ទីន​ ប្រេស៊ីល​ និង​សហរដ្ឋ​​​អាមេរិក​។

ចំណែក​ឯ​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉េរូ​វិញ​ បាន​ច្រាន​ចោល​ការ​ប៉ុន​ប៉ង​របស់​លោក​ ខាស្ទីលូ​ ក្នុង​ការ​រំលាយ​សភា​ ​ដោយ​ហៅ​វា​​ថា​ជា​ការ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​។​ មិន​ខុស​ពី​គ្នា​នេះ​ដែរ​ លោក​ស្រី​ប្រធានាធិបតី​ថ្មី​ថ្មោង​ បូលូអាយ​ ​ផ្ទាល់​ ​បាន​រិះ​គន់​​ផែនការ​​របស់​លោក​ ខាស្ទីលូ​ នៅ​លើ​ធ្វីតធ័រដោយ​សរសេរ​​​​ថា​ ៖ «​​រដ្ឋ​ប្រហារ​ដែល​ធ្វើ​ឱ្យ​​វិបត្តិ​នយោបាយ​​​ និង​ស្ថាប័ន​ មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​​ ដែល​សង្គម​ប៉េរូ​នឹង​ត្រូវ​យក​ឈ្នះ​ដោយ​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​ចំពោះ​ច្បាប់​»។​ ​​ ​

ក្នុង​ព្រឹត្តិការណ៍​នៃ​វិបត្តិនយោបាយ​ដ៏​ភ្ញាក់​ផ្អើល​នេះ​ផង​ដែរ​ លោក ខាស្ទីលូ​ ត្រូវ​បាន​ប៉ូលិស​ក្រុង​លីម៉ា​​ចាប់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ត្រូ​វ​សភា​ទម្លាក់​ពី​តំណែង​ ដោយ​អគ្គមេធាវី​​​ប៉េរូ​ អះ​អាង​ថា​ ​អតីត​ប្រធានាធិបតី​ថ្មី​ថ្មោង​រូប​នេះ​​ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​នៃ​ការ​បះ​បោរ​ «​ចំពោះ​ការ​រំលោភ​លើ​បទ​បញ្ជា​រដ្ឋ​ធម្មនុញ្ញ​»។​

ខណៈ​ក្រុម​ការ​ពារ​ផ្នែក​ច្បាប់​របស់​លោក​ ខាស្ទីលូ​ មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ណា​នោះ​ ​អគ្គមេធាវី​​ប៉េរូ​ លោក ​Patricia Benavides បាន​​មាន​ប្រសាសន៍​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖ «​យើង​ថ្កោល​ទោស​ចំពោះ​ការ​រំលោភ​លើ​បទ​បញ្ជា​រដ្ឋ​ធម្មនុញ្ញ​​។

​រដ្ឋ​ធម្មនុញ្ញ​នយោបាយ​នៃ​​ប្រទេស​ប៉េរូ​ បាន​កំណត់​ការ​បំបែក​អំណាច ​និង​កំណត់​ថា​​ប៉េរូ​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និង​អធិបតេយ្យ​ភាព​។ ​គ្មាន​អំណាច​​ណា​មួយ​​អាច​ដាក់​ខ្លួន​ឯង​​ឱ្យ​ធំ​ជាង​​រដ្ឋ​​ធម្មនុញ្ញ​នោះ​ទេ​​ ហើយ​ត្រូវ​តែ​គោរព​តាម​​រដ្ឋ​ធម្មនុញ្ញ​​​»។ ​

​​​គូស​បញ្ជាក់​ថា​ ប៉េរូ​បាន​ឆ្លង​កាត់​ភាព​ចលាចល​នយោបាយ​​ជា​ច្រើន​ឆ្នាំ​​ ដោយ​មេ​ដឹក​នាំ​ជា​ច្រើន​រង​ការ​​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ ​ការ​ប៉ុន​ប៉ង​ទម្លាក់​ចេញ​ពី​តំណែង​ជាញឹក​ញាប់​ ​​និង​ការ​កាត់​បន្ថយ​អាណត្តិ​ដឹក​នាំ​ជា​ដើម​។ ​​ភាព​ចលាចល​ចុង​ក្រោយ​បំផុត​នេះ​ បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​តុលា​ នៅ​ពេល​​​ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​បណ្តឹង​រដ្ឋ​ធម្មនុញ្ញ​ប្រឆាំង​នឹង​លោក​ ខាស្ទីលូ​ ​ដោយ​​ចោទ​ប្រកាន់​ថា​ លោក​ដឹក​នាំ​ «​អង្គការ​ឧក្រិដ្ឋកម្ម​»​ ដើម្បី​រក​ប្រាក់​ចំណេញ​ពី​កិច្ច​សន្យា​របស់​រដ្ឋ​ និង​​បាន​​រារាំង​ការ​ស៊ើប​អង្កេតឧក្រិដ្ឋកម្ម​ផ្សេង​ៗ​​ប្រឆាំង​នឹង​លោក និង​​​ក្រុម​គ្រួសារ​របស់​លោក​​​។​

​កាល​ពី​សប្តាហ៍​មុន សភា​បាន​កោះ​ហៅ​​លោក​ ខាស្ទីលូ​ ​ ​ដើម្បី​ឱ្យ​​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​​​​​គ្មាន​​សីលធម៌​គ្រប់​គ្រាន់​​​ក្នុង​ការ​ដឹក​នាំ​។ ​យ៉ាង​ណា​មិញ​ អតីត​ប្រធានាធិបតី​រូ​ប​នេះ​ បាន​វាយ​បក​ទៅ​វិញ​ថា​ ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​ គឺ​ជា​ការ​​​ «​បង្កាច់បង្ខូច»​ ​របស់​​ក្រុម​អ្នក​ដែល​ស្វែង​រក​​​ផល​ប្រយោជន៍​ និង​ចង់​​​ដណ្តើម​​អំណាច​។

សូម​រំឭក​ផង​ដែរ​ថា​ អ្នក​នយោបាយ​​ឆ្វេង​និយម​វ័យ​ ៥៣ ឆ្នាំ​រូបដដែល​​ បាន​ឡើង​កាន់​តំណែង​ក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០២១​ ហើយ​ធ្លាប់​​បាន​រួច​ខ្លួន​ពី​ការ​​ប៉ុនប៉ង​ទម្លាក់​ចេញ​ពី​ដំណែង​ចំនួន​២​ដង​រួច​មក​ហើយ​៕

ដោយ៖ហួន ឌីណា ប្រភព៖ Peru’s President impeached and arrested after he attempts to dissolve Congress

ads banner