កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ ការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលជួប លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ។
ភាគីភ្ញៀវបានរាយការណ៍ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្តនាពេលខាងមុខ និងបានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងនូវការកោតសរសើរ និងគាំទ្រដល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២នេះ។ ជាអនុសាសន៍ដឹកនាំបន្ថែម លើលទ្ធផលដ៏ល្អដែលមានស្រាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានចង្អុលដឹកនាំឱ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រមទាំងពង្រឹងការសម្របសម្រួលរួមសហការដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើសឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព និយាយជារួមសហការដោះស្រាយកុំឱ្យបទល្មើសមានការរីករាលដាល ៕ ដោយ-រ៉ាវុធ


