សត្វ ត្រយងយក្សជាប្រភេទសត្វស្លាបនិមិត្តសញ្ញាជាតិកម្ពុជា និងនៅលើពិភពលោកនៅសល់តែប្រមាណ ៣០០ក្បាលប៉ុណ្ណោះ

ភ្នំពេញ៖ សត្វត្រយងយក្ស ឬសត្វឪលើក ជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ៣០០ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងនោះសត្វត្រយងយក្សពេញវ័យមានតិចជាង ២០០ក្បាល ។ នេះបើយោងតាម ការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ។

សត្វត្រយងយក្ស ឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។

បើតាម ទំព័រហ្វេសប៊ុកររបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដែលសត្វប្រភេទនេះបានកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិ រក្សប្រភេទសត្វនេះ ឱ្យនៅគង់ វង្សយូរអង្វែង។ ប្រទេសកម្ពុជាគឺជាទី ជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស។ កម្ពុជាមានមោទកភាពដែលមានសត្វកម្រនេះ ហើយចាំបាច់យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះ ឱ្យបានគង់ វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថានដោយសហការជាមួយអង្គការអភិរក្សនានា និងសហគមន៍តំបន់ការពារធម្មជាតិអនុវត្តកម្មវិធីឃ្លាំមើលសំបុកសត្វត្រយងយក្សនិងប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វត្រដក់ សត្វត្មាតជាដើមដើម្បីការពារទីសុវត្ថិភាពកន្លែងពងកូនរបស់វា។ សំបុកសត្វត្រយងយក្សជាច្រើនត្រូវបានការពារ និងទទួលបានជោគជ័យលើការញាស់កូនត្រយងយក្ស ដែលជាក្តីសង្ឃឹមដ៏មុតមាំនៃការអភិរក្សសត្វស្លាបដ៏កម្រនេះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner