លោក ពូទីន អះអាងថា រុស្ស៊ីមិនឆោតល្ងង់ប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែនមុននោះទេ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ភាពតានតឹងនៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើងកម្តៅ ប៉ុន្តែលោកថា រុស្ស៊ីនឹងមិនឆោតល្ងង់ទៅប្រើអាវុធប្រល័យលោកមុននោះទេ នៅក្នុងជម្លោះអ៊ុយក្រែន។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៉ី នៅថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បាននិយាយយ៉ាយដូច្នេះថា យើងនឹងមិនធ្វើរឿងដែលឆោតល្ងង់ ព្រោះយើងមិនបានឆ្កួតនោះទេ… យើងដឹងច្បាស់ថាអ្វីទៅជាអាវុធនុយក្លេអ៊ែរ។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងការឆ្លើយតបនៅពេលមានការវាយប្រហារពីសត្រូវប៉ុណ្ណោះ។

លោកថា យុទ្ធសាស្រ្តរបស់រុស្ស៊ី គឺផ្អែកលើគោលនយោបាយ ដែលគេហៅថា ការវាយប្រហារសងសឹក។ ប៉ុន្តែយើងមិនមែនជាមនុស្សដំបូង ដែលប្រើប្រាស់វាមុននោះទេ ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មភា្លមៗជុំវិញការអត្ថាធិប្បាយរបស់លោក ពូទីន ខាងលើនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ បានប្រាប់អ្នកយកព័ត៌មានថា យើងគិតថា ការនិយាយស្តីបែបងាយៗណាមួយអំពីអាវុធនុយក្លេអ៊ែរ គឺជាពាក្យសម្តីខ្វះការទទួលខុសត្រូវទាំងស្រុង។

លោកថា វាមានគ្រោះថ្នាក់ ហើយវាផ្ទុយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍ ដែលជាស្នូលនៃរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ចាប់តាំងពីសង្គ្រាមត្រជាក់មក៕

ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner