​​រញ្ជួយ​ដី​កម្រិត​ ៦,១ រ៉ិចទ័រ​ វាយ​ប្រហារ​នៅ​ខេត្ត​​ជ្វា​ខាង​លិច​នៃ​​ប្រទេស​ឥណ្ឌូនេស៊ី​

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារ​ភូគព្ភ​សាស្ត្រ​ឥណ្ឌូណាស៊ី​​ (BMKG) ​បាន​អះ​អាង​ថា​ ​​​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,១ ​រ៉ិចទ័រ​ បាន​វាយ​ប្រហារ​នៅ​ខេត្ត​ជ្វា​ខាង​លិច​​​​នៅ​​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៨​ ខែ​ធ្នូ​​ ដែល​បាន​បង្ក​ជា​ការ​ភិត​ភ័យ​សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់។

​ទីភ្នាក់ងារ​នេះ​បាន​​និយាយ​ថា​ ការ​រញ្ជួយ​ដី​ដែល​មាន​ចំណុច​កណ្តាល​ ២២​ ​គីឡូម៉ែត្រ​ពី​ទីក្រុង​​សូកាប៊ូមី​ ​មិន​មាន​កម្លាំង​​ដែល​អាច​​​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមិ​នោះ​ទេ​  ហើយ​វា​កើត​ឡើង​នៅ​​ជម្រៅ​ ១០៤ ​គី​ឡូម៉ែត្រ​នៃ​ស្រទាប់​ផែនដី​​។

ការ​រញ្ជួយ​ដី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក៏​បង្ក​ជា​រំញ័រ​ដល់​​​​រដ្ឋ​ធានី​ហ្សាកាតា​ និង​តំបន់​ជុំ​វិញ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​​មន្ត្រី​នៅ​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​ឥណ្ឌូនេស៊ី​ (BNPB) ​លោក​ Abdul Muhari ​បាន​ប្រាប់​រ៉យទ័រ​ ​ថា​ គិត​ត្រឹម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​​មិញ​ ប្រធាន​ BNPB លោក​ Suharyanto ​បាន​ស្នើ​ឱ្យ​​ប្រជាជន​រក្សា​ភាព​ស្ងប់​ស្ងាត់​ ប្រុង​ប្រយ័ត្ន​ ​ដោយ​បន្ថែម​ថា​ក្រុម​ឆ្លើយ​តប​កំពុង​​​បញ្ជូន​ទៅ​វាយ​តម្លៃ​តម្រូវ​ការ​។​

សូម​រំឭក​ថា​ កាល​ពី​ខែ​មុន​ គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៥,៦ រ៉ិចទ័រ​ បាន​វាយ​ប្រហារ​ទីក្រុង​ Cianjur ដែល​នៅ​​ខេត្ត​ជ្វា​ខាង​លិច​​ដូច​គ្នា​ ​​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៣០០​ នាក់​ និង​បង្ក​ការ​ខូច​ខាត​ដល់​ផ្ទះ​រាប់​ពាន់​ខ្នង​។​

ឥណ្ឌូណេស៊ី​ស្ថិត​នៅ​លើ​​ខ្សែ​ក្រវ៉ាត់​​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ ​​​ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​រង​នូវ​គ្រោះ​រញ្ជួយ​ដី​ និង​បន្ទុះ​ភ្លើង​ញឹក​ញាប់​។ នៅ​ឆ្នាំ​ ២០០៤ ​ការ​រញ្ជួយ​ដី​កម្រិត​ ៩,១ ​រ៉ិចទ័រ​​នៅ​ក្បែរ​កោះ​ស៊ូម៉ាត្រា ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​បង្ក​ឲ្យ ​មាន​រលក​យក្ស​ស៊ូណាមិ ​ដែល​​បោក​ទៅ​លើ​​ប្រទេស​ចំនួន​ ១៤ ​និង​សម្លាប់​មនុស្ស​​ជិត​​ ២៣០ ០០០ នាក់៕

ដោយ៖ហួន ឌីណា

ប្រភព៖ Magnitude 6.1 quake rattles Indonesia’s West Java

ads banner