សម្ដេចក្រឡាហោម ស ខេង ៖ កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានគូសបញ្ជាក់ជូនអង្គប្រជុំថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកទី២០ នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ។
សម្ដេចក្រឡាហោម ស ខេង បន្តថា កិច្ចប្រជុំលើកទី២០ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាពេលនេះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាសេចក្តីព្រាងឯកសារសំខាន់ៗមួយចំនួនរួមមាន ផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សេចក្តីព្រាងច្បាប់ចំនួន៣ គឺច្បាប់តំបន់ការពារធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ជលផល និងបញ្ហាផ្សេងៗមួយចំនួនទៀត។
សម្ដេចបន្តថា គោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។
សម្ដេចបញ្ជាក់ជូនថា ការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋតាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ។
សម្ដេចបានបញ្ជាក់ជូនកិច្ចប្រជុំទៀតថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជាច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕ ដោយ-រ៉ាវុធ


