ស្រីលង្កា រំពឹងស្រូបទាញចំណូលបាន ១៩ពាន់លានដុល្លារពីការនាំចេញនៅឆ្នាំ២០២៣
កូឡុំបូ៖ ក្រសួងជំរុញការវិនិយោគស្រីលង្កា ក្នុងថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសស្រីលង្ការំពឹងថា នឹងទទួលបានចំណូល១៩ពាន់លានដុល្លារនៅឆ្នាំ២០២៣ ពីការនាំចេញទំនិញ និងសេវាកម្ម។
ក្រសួងជំរុញការវិនិយោគស្រីលង្កាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្រីលង្កានឹងរកប្រាក់ចំណូលបាន ១៤.៨ពាន់លានដុល្លារពីការនាំចេញទំនិញពាណិជ្ជកម្ម ហើយនៅសល់ ៤.២ពាន់លានដុល្លារទៀតទទួលបានពីការនាំចេញសេវាកម្ម។
ជាមួយគ្នានេះ ក្រសួងបានអនុវត្តយុទ្ធសាស្ត្រជាច្រើន ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនខាងលើ ក្នុងនោះមានដូចជាការលើកកម្ពស់កេរ្តិ៍ឈ្មោះនៃការនាំចេញរបស់ស្រីលង្កា ការបន្ថែមតម្លៃ និងម៉ាកយីហោផលិតផល ការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារថ្មី ការបង្កើនចំនួនអ្នកនាំចេញ និងការបង្កើនប្រសិទ្ធភាពនៃវិស័យនាំចេញ។
យោងតាមក្រសួងជំរុញការវិនិយោគស្រីលង្កា បានឱ្យដឹងថា រដ្ឋាភិបាលស្រីលង្កាបានបែងចែកកញ្ចប់ថវិកាចំនួន ៧០០,០០០ដុល្លារសម្រាប់ឆ្នាំ២០២៣ ដើម្បីអនុវត្តយុទ្ធសាស្ត្រទាំងនេះ៕






ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា