កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI) ឆ្នាំ២០២២

ភ្នំពេញ៖ លោកជំទាវ Camille Dawson ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា YSEALI នៅតែជាកម្មវិធីចម្បងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការវិឌ្ឍន៍ក្នុងរយៈពេល១០ឆ្នាំកន្លងនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ខ្លាំង។

លោកស្រី Camille Dawson បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូល YSEALI ឆ្នាំ២០២២ ក្រោមប្រធានបទ “ការលើកម្ពស់សមត្ថភាពសេដ្ឋកិច្ច” ដោយមានការចូលរួមពីសិក្ខាមប្រមាណ ១៥០នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។

លោកជំទាវឧបការីរងបន្តថា សហរដ្ឋអាមេរិក និងប្រទេសអាស៊ាន មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីនានា ដែលផ្សាភ្ជាប់រវាងប្រជាជនអាស៊ាន និងអាមេរិក ជាពិសេសយុវជន។ YSEAL ជាបេះដូងនៃទំនាក់ទំនងនេះ។ លោកជំទាវបន្តថា យើងកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើងលើសសរស្តម្ភចំនួន ៥ រួមមាន ៖ ១. ជំរុញសេរីភាពនិងភាពបើកចំហ ២. កសាងនូវសមត្ថភាពរួមគ្នាទាំងក្នុងតំបន់និងលើសពីនេះ ៣. លើកកម្ពស់វិបុលភាពរួម ៤. ជំរុញនូវសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង ៥. កសាងនូវភាព ធន់ក្នុងតំបន់។

លោកជំទាវបន្ថែមថា ដូចដែលលោកប្រធានាធិបតី បៃដិន បានថ្លែងនៅកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានកាលពីខែឧសភាថា ដំណោះស្រាយដ៏ល្អបំផុតនៃប្រវត្តិសាស្ត្ររបស់ពិភពលោកយើងក្នុងរយៈពេល៥០ឆ្នាំទៅមុខទៀត នឹងត្រូវកត់ត្រាដោយប្រទេសអាស៊ាន ហើយទំនាក់ទំនងរបស់យើងជាមួយអ្នក គឺជាអនាគតក្នុងឆ្នាំបន្តបន្ទាប់ទៀត និងរាប់ទសវត្សរ៍។ ពិតមែនហើយ មជ្ឈភាពអាស៊ាន គឺជាបេះដូងដ៏ខ្លាំងរបស់យុទ្ធសាស្ត្រនៃរដ្ឋបាលលោក បៃដិន ក្នុងការចាប់យកនូវអនាគតដែលយើងទាំងអស់គ្នាចង់បាន សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសម្រាប់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង ដែលហៅកាត់ថា (YSEALI) គឺជាគំរោងបង្កើតឡើងកាលពីឆ្នាំ២០១៣ ដើម្បីជួយដល់យុវជនដូចជាអ្នកដែលគិតអំពីការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន ការអប់រំ និងការចូលរួមរបស់ពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានគោលបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន ធ្វើឱ្យមានការចូលរួមកាន់តែស៊ីជម្រៅ ពីសំណាក់អ្នកដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងដោយផ្ទាល់៕

ដោយ៖ ទីណា និងសម្បត្តិ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner