សង្គមស៊ីវិលរកឃើញថា ករណីរំលោភបំពានកុមារតាមអនឡាញកំពុងកើនឡើង

ភ្នំពេញ៖ សង្គមស៊ីវិលរកឃើញថា ករណីរំលោភបំពានកុមារតាមអនឡាញកើនឡើងក្រោមមូលហេតុកង្វះព័ត៌មាននិងយន្តការរាយការណ៍។អ្នកឯកទេសផ្នែកកិច្ចការពារកុមារ នៃអង្គការសកម្មភាពដើម្បីកុមារ(APLE) គឺលោក ខឹម វ៉ាន់ដូបានប្រាប់ថា អង្គការសកម្មភាពដើម្បីកុមារ(APLE)រកឃើញថា​ឆ្នាំ២០២១ បានទទួលពាក្យបណ្ដឹងក្នុករណីរំលោភបំពានកុមារតាមអនឡាញចំនួន ១២៨ករណី។ខណៈដែលអង្គការនេះបានទទួលពាក្យបណ្ដឹងចំនួន ១៤០ករណីត្រឹម១១ខែឆ្នាំនេះគិតពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២។

លោក ខឹម វ៉ាន់ដូ លើកឡើងថា ៖«មានករណីសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ការមើល ប្រដាប់ភេទតាមអ៊ីនធឺណិត ការរួមភេទ ការបង្ខិតបង្ខំផ្លូវភេទ និងការផ្សាយបន្តផ្ទាល់ជាដើម»។​ លោកបន្ថែមថា ករណីកុមារដែលរងការកេងប្រវ័ញ្ចលើផ្លូវភេទ មានការកើនឡើង។

លោក ខឹម វ៉ាន់ដូ ថ្លែងថា៖ «នៅពេលនិយាយអំពីផលវិបាក និងផលប៉ះពាល់អវិជ្ជមានលើកុមារដោយការ ការកេងប្រវ័ញ្ចផ្លូវភេទលើបណ្តាញអ៊ីនធឺណែត វាពិតជាធ្ងន់ធ្ងរណាស់សម្រាប់ពួកគេ ជាពិសេសផលវិបាកខាងផ្លូវចិត្ត។ ពួកគេអាចទទួលរងនូវការលំបាកមួយចំនួនទាក់ទងនឹងទំនាក់ទំនងរបស់ពួកគេ ភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត ការខ្មាស់អៀន ការអាម៉ាស់ ហើយអ្វីដែលសំខាន់បំផុតគឺការធ្វើបាបខ្លួនឯង និងការធ្វើអត្តឃាត។ សរុបមក វាពិតជាធ្ងន់ធ្ងរ និងជាករណីដែលយូរអង្វែង»។

លោកបន្ដថា ឧបសគ្គដែលរារាំងមិនឱ្យកុមាររាយការណ៍អំពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញព្រោះតែពួកគេ កង្វះព័ត៌មានអំពីយន្តការរាយការណ៍ដែលមានស្រាប់ មានភាពអៀនខ្មាស ការមាក់ងាយ និងរារាំងដោយបទដ្ឋានសង្គមនិងវប្បធម៌និងភាពភ័យខ្លាចចំពោះសុវត្ថិភាពជាដើម។

អ្នកជំនាញរូបនេះថាគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមយ៉ាងសកម្មនិងធ្វើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហានេះ។ ជាឧទាហរណ៍ ការលើកកម្ពស់ការយល់ដឹងអំពីប្រធានបទផ្សេងៗដែលទាក់ទងលើកុមារ ត្រូវផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានភាពទូលំទូលាយ និងតាមរយៈយុទ្ធនាការការយល់ដឹងដោយផ្ទាល់ និងការបណ្តុះបណ្តាលជាដើម។

លោកបនុ្តថាទៀតថា  ឪពុកម្តាយ អាណាព្យាបាល និងអ្នកផ្តល់សេវាថែទាំត្រូវមើលយ៉ាងដិតដល់នូវសកម្មភាពដែលកូនរបស់ខ្លួនបានប្រើប្រាស់អ៊ីនធឺណិត ដោយត្រូវណែនាំពួកគេឲ្យប្រុងប្រយ័ត្នចំពោះរាល់គ្រោះថ្នាក់ដែលវាអាចកើតឡើង ដូចជា ការនិយាយដោយបើកចំហរ និងពិភាក្សាអំពីបញ្ហាការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ជៀសវាងការស្តីបន្ទោសកុមារ ប្រសិនបើនៅពេលដែលកុមារជួបប្រទះ ឬចូលរួមជាមួយហានិភ័យផ្លូវភេទតាមអ៊ីនធឺណិត ព្រោះវាមិនមែនជាកំហុសរបស់កុមារទេ។

លោកលើកឡើងថា៖ «ដូច្នេះហើយ វិស័យឯកជន រួមទាំងអ្នកផ្តល់សេវាអ៊ីនធឺណិត អ្នកបង្កើតមាតិកា និងអាជីវកម្មដែលពាក់ព័ន្ធត្រូវដើរតួនាទីរបស់ពួកគេក្នុងការទប់ស្កាត់តាមរយៈការទទួលយកការយល់ដឹងអំពីប្រធានបទនៃការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទនៅលើវេទិការបស់ពួកគេ ហើយបង្កើតយន្តការរាយការណ៍ដែលអាចមានពាក់ព័ន្ធនឹងយន្តការរាយការណ៍ជាតិ»។

លោក វ៉ាន់ដូ បន្ថែមថា អ្នកបង្កើតគោលនយោបាយត្រូវបន្តពង្រឹងការអនុវត្តច្បាប់គោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ ដើម្បីធានាបាននូវការការពារដ៏ល្អបំផុតរបស់កុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត។

ជុំវិញរឿងនេះ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គម បានប្រាប់ថាកន្លងមកការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញគឺវាមានច្រើនរូបភាពហើយបញ្ហានេះក្រសួងកំពុងតែខិតខំ ប្រឹងប្រែងទប់ស្កាត់ រួមជាមួយនឹងការសហការពីអង្គការដៃគូផងដែរ។ ប៉ុន្តែទោះបីជាមិនមែនទិន្នន័យបញ្ជាក់ពីការកើនឡើង ឫថយចុះអំពីការកេងប្រវ័ញ្ចនេះក៏ដោយ ​ក្រសួងមិនបានព្រងើយកន្ដើយលើបញ្ហាទាំងនេះឡើយ។

លោកថា« ក្រសួងបានខិតខំ និងសហការជាមួយសមត្ថកិច្ច រួមជាមួយអង្គការដៃគូ ដើម្បីស្វែងរកដំណោះស្រាយ និងបង្កើនយន្តការការពារបន្ថែម ដែលត្រូវធ្វើយ៉ាងណាឲ្យកុមារកម្ពុជាមានសុវត្ថិភាពលើអនឡាញ»។

លោកពន្យល់ថា ៖«ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញនេះ    គឺវាមានផលអាក្រក់ និងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កុមារ ដែលវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព ស្មារតី និងការរស់រានរបស់កុមារជាដើម។ ហើយរូបភាពភាគច្រើននៃការកេងប្រវ័ញ្ចនេះ អាចជាការលោមលួងកុមារឲ្យថតរូបភាពផ្សេងៗ និងផ្ញើរូបភាព ឫវិដេអូអាក្រាតជាដើម»។

ឯកឧត្តម តូច ចាន់នី ថាអះអាងថាក្រសួងសង្គមកិច្ចបានបង្កើតជាHotlineសម្រាប់ក្រសួង សម្រាប់រាយការណ៍ ដែលជាព័ត៌មានដែលលឿន ដើម្បីឲ្យងាយស្រួលក្នុងការដោះស្រាយ។ ក្រៅពីប្រព័ន្ធរាយការណ៍តាមHotlineហើយ លោកថា ក្រសួងទទួលបានជារបាយការណ៍ពីមន្ទីរ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ហើយនិងការបង្កើតជាគ្រុបតេលេក្រាម សម្រាប់រាយការណ៍ជាដើម។

ឯកឧត្តមបន្ថែមថា៖« ការលើកកម្ពស់កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ គឺប្រទេសកម្ពុជា មានស្ថាប័នច្រើនដែលធ្វើការលើកុមារ មិនមែនមានតែក្រសួងសង្គមកិច្ចមួយប៉ុណ្ណោះទេ មានទាំងក្រសួងអប់រំ ក្រសួងការងារ សុទ្ធតែមានចំណែកក្នុងកិច្ចការនេះផងដែរ»។

សូម​បញ្ជាក់​ថា យោងតាមរបាយការណ៍ថ្មីមួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា (Disrupting Harm in Cambodia) ដែលចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រកឃើញថា ១៦​ភាគរយ​នៃ​កុមារ​ត្រូវ​បាន​ទទួល​រង​ការ​បញ្ចេញ​មតិ​ទាក់​ទង​នឹ​ង​ផ្លូវ​ភេទ​របស់​ពួក​គេ ដែល​កើត​ឡើង​ជា​ចម្បង នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម (Social Media) ១៦​ភាគរយទៀត​នៃ​កុមារ​ត្រូវ​បាន​ផ្ញើ​សារ​រូប​ភាព​ផ្លូវ​ភេទ និង​៩ភាគរយ​នៃ​កុមារ​ទទួល​បាន​ការ​ស្នើ​សុំ​ចែក​រំលែក​រូប​ភាព​ផ្លូវ​ភេទ​របស់​កុមារ​ទាំង​នោះ​៕

ដោយ៖ជា សុខនី

ads banner