អ្នកនិពន្ធស្ត្រី ៖ក្ដីស្រឡាញ់ជាចលករមួយជំរុញទឹកចិត្តខ្លួនឱ្យទៅដល់គោលដៅ

ភ្នំពេញ៖ អ្នកនិពន្ធជាស្ត្រីកញ្ញា ស្រុង ចាន់រតនា បាននិពន្ធសៀវភៅប្រាំចំណងជើងរួចមកហើយ។កញ្ញា រតនាអះអាងថា សេក្ដីស្រឡាញ់ក្នុងការអភិវឌ្ឍគំនិតរៀន គួររៀនគិត រៀនសរសេរ តាំងពីក្មេងវ័យ បានជំរុញទឹកចិត្តឱ្យកញ្ញា ក្លាយជាអ្នកនិពន្ធអ្នកសរសេរសៀវភៅម្នាក់ដែលកំពុងដណ្ដើមការគាំទ្រពីអ្នកអាន។ កញ្ញាបន្តថាសៀវ​ភៅរបស់ខ្លួន មានសៀវភៅរឿងខ្លីសៀវភៅកំណត់ត្រាល្អៗក្នុងជីវិត សៀវភៅលើកទឹកចិត្តមនុស្សឱ្យជម្នះការលំបាក និងសៀវភៅប្រលោមលោក។

អ្នកនិពន្ធរតនាបានប្រាប់ឱ្យដឹងថា៖«ខ្ញុំចាប់ផ្តើមប្រឡូកវិស័យនិពន្ធដំបូងឡើយគ្រាន់តែសាកល្បងបង្ហោះអត្ថបទលើកទឹកចិត្ត និងដឹកនាំមនុស្សឱ្យគិតលើផ្លូវវិជ្ជមាន លុះក្រោយមកបានបោះពុម្ពស្នាដៃទី១ ជាប្រភេទប្រលោមលោកចំណងជើងវិថីជីវិត។ គ្រាដំបូងគ្រាន់តែចង់ឃើញប្រលោមលោកវិថីជីវិតចេញជាសៀវ​ភៅ ប៉ុន្តែក្រោយទទួលបានការគាំទ្រពីអ្នកអានក៏មានកម្លាំងចិត្តដើរលើផ្លូវនេះបន្តរហូតចេញបានស្នាដៃជាបន្តបន្ទាប់សរុប ប្រាំស្នាដៃ»។

សៀវភៅដែលមានចំណងជើងថា “វិថីជីវិត” មានកម្រាស់ ៣០០ ទំព័រ ជាប្រភេទសៀវភៅប្រលោមលោក។  អត្ថន័យអប់រំក្នុងសៀវភៅនេះ បានបង្ហាញពីការតស៊ូប្រឹងប្រែងដើរទៅរកក្ដីស្រមៃដោយមិនបោះបង់។ ការអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន អ្នកនិពន្ធបានបង្ហាញថាគួរទុកសេក្ដីស្រឡាញ់ឬស្នេហាមួយឡែកសិន កុំបណ្ដោយខ្លួនឱ្យលង់លក់ក្នុងស្នេហា ទើបអាចសម្រេចគោលបំណង ឬសេចក្ដីស្រមៃរបស់ខ្លួនបាន។

អ្នកនិពន្ធរតនាបានបញ្ជាក់បន្តថា៖«រាល់ស្នាដៃនីមួយៗដែលខ្ញុំបានសរសេរ គឺសុទ្ធសឹងតែមានលាក់បង្កប់នូវអនុស្សាវរីយ៍រៀងៗខ្លួន ហើយខ្ញុំបានផ្តល់ក្តីស្រឡាញ់ទៅលើស្នាដៃទាំងនេះស្មើៗគ្នា»។

អ្នកនិពន្ធស្ត្រីវ័យកណ្ដាលរូបនេះបន្តទៀតថា ៖«ចំណែកសៀវជាអ្នកធ្វើការ ជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការឱ្យគេដូចពួកយើង។ វាមានចម្លើយជាច្រើនសម្រាប់បុគ្គលិកដែលជួបបញ្ហាដូចខ្ញុំ។ មិនចុះសម្រុងជាមួយនឹងថ្នាក់លើ មិនចូលចិត្តចរិតអ្នករួមការងារ ចេញយោបល់អីក៏គេកប់ចោល។ តាមពិតខ្ញុំជាពេជ្រនៅកន្លែងងងឹតសោះ។ ខ្ញុំមិនធ្វើអំពូលភ្លើងឱ្យកន្លែងងងឹតនោះទេ ខ្ញុំត្រូវធ្វើគ្រាប់ពេជ្រ។ ខ្ញុំក៏មិនទៅធ្វើការដើម្បីឈ្នះពួកអែបអបមេ និយាយតែដើមគេនោះដែរ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ បើគេថាខ្ញុំចេញពីកន្លែងកខ្វក់នោះព្រោះតែចាញ់គេ ខ្ញុំនឹងឱ្យពេលវេលាប្រាប់ពួកគេថាអ្នកណាឈ្នះឱ្យប្រាកដ។ ខ្ញុំនឹងបង្ហាញពន្លឺគ្រាប់ពេជ្រនៅថ្ងៃខាងមុខ»។

ចំណែកឯសៀវភៅដែលមានចំណងជើង “ជាអ្នកធ្វើការ” សៀវភៅនេះមានកម្រាស់ ៤០០ ទំព័រ គឺជាប្រភេទសៀវភៅទស្សនៈ។ សៀវភៅនេះបានផ្ដល់អត្ថន័យអប់រំ ដាស់តឿនមនុស្សទៅធ្វើការដើម្បីអ្វី? គន្លឹះដើម្បីធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ ក្រៅពីនេះនៅមានសៀវភៅបីផ្សេងទៀដូចជា សៀវភៅ “បេះដូងស” មានកម្រាស់ ៣៦២ ទំព័រ គឺជាប្រភេទសៀវភៅប្រលោមលោកខ្លី មានចំនួន ៦រឿង។ សៀវភៅមានចំណងជើងថា “សំណោកអនុស្សាវរីយ៍” មានកម្រាស់ ២៣១ ទំព័រ គឺជាប្រភេទសៀវភៅប្រលោមលោក ដែលផ្ដល់អត្ថន័យអប់រំ ក្នុងការគិតឱ្យច្បាស់លាស់មុនសម្រេចចិត្ត ដើរចេញពីអតីតកាល។ចំពោះសៀវភៅដែលមានចំណងជើងថា “អនុស្សាវរីយ៍៣៤ឆ្នាំ” មានកម្រាស់ ៩៦ ទំព័រ គឺជាប្រភេទសៀវភៅមួយបែបដែលអ្នកនិពន្ធកត់ត្រាទុកគ្រប់រឿងរ៉ាវល្អៗក្នុងជីវិតរស់់នៅប្រចាំថ្ងៃតាំងពីក្មេងរហូតដល់បច្ចុប្បន្ន។

កញ្ញារតនា​មានកំណើតក្នុងខេត្តកំពង់ចាម។ កញ្ញាជាកូនទី៣ក្នុងគ្រួសារ អ្នកនិពន្ធរូបនេះមានបងប្អូនចំនួន ៤នាក់ (ស្រី ២នាក់) និងមានឪពុកម្ដាយជាអាជីវករ។ អ្នកនិពន្ធរតនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នជាអ្នកនិពន្ធ និងមានអាជីវកម្មផ្ទាល់ខ្លួន និងរស់នៅក្នុងទីក្រុងភ្នំពេញ៕

ដោយ៖ហួន ស៊ីឡូន

ads banner