កូរ៉េខាងត្បូងអនុម័តច្បាប់លុបចោលវិធីសាស្ត្ររាប់អាយុតាមបែបប្រពៃណីរបស់ខ្លួន

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ទី៨ខែធ្នូបានអនុម័តច្បាប់ដើម្បីលុបចោលវិធីសាស្រ្តប្រពៃណីរាប់អាយុរបស់ខ្លួន ព្រមទាំងទទួលវិធីសាស្ត្ររាប់អាយុតាមស្តង់ដារអន្តរជាតិ។ការអនុម័តច្បាប់នេះនាំឱ្យជនជាតិកូរ៉េគ្រប់គ្នានឹងមានអាយុតិចជាងមួយឆ្នាំ ឬពីរឆ្នាំលើឯកសារផ្លូវការរបស់ពួកគេ។

តាមប្រពៃណីជនជាតិកូរ៉េគេចាត់ទុកថា គ្រប់មនុស្សទាំងអស់មានអាយុមួយឆ្នាំនៅពេលពួកគេកើតពីផ្ទៃម្ដាយអាយុនោះត្រូវបន្ថែមមួយឆ្នាំទៀតរៀងរាល់ថ្ងៃទី១ខែមករា។ឧបមាថា បើទារកម្នាក់កើតមកនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២នោះគេមានអាយុ១ឆ្នាំនៅពេលកើត លុះដល់ថ្ងៃទី០១ខែមករាឆ្នាំ២០២៣ស្អែកឡើងនោះទារកដដែលនឹងត្រូវគេរាប់ថាមានអាយុដល់ទី២ឆ្នាំឯណោះ។

ទោះជាយ៉ាងណាក្ដី ប្រព័ន្ធដាច់ដោយឡែកក៏មានផងដែរ សម្រាប់គោលបំណងចុះឈ្មោះ ឬគណនាអាយុស្របច្បាប់ក្នុងការផឹកស្រា និងជក់បារី ដែលអាយុរបស់មនុស្សត្រូវបានគណនាពីសូន្យឆ្នាំនៅពេលកើត ហើយមួយឆ្នាំត្រូវបានបន្ថែមនៅថ្ងៃទី១ខែមករានៃឆ្នាំបន្ទាប់។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០មកប្រទេសកូរ៉េខាងត្បូងមានសម្រាប់ឯកសារវេជ្ជសាស្ត្រ និងច្បាប់ក៏បានប្រើបទដ្ឋានអន្តរជាតិនៃការគណនាពីសូន្យនៅពេលកើត និងបន្ថែមឆ្នាំនៅរៀងរាល់ថ្ងៃកំណើត។

នៅពេលច្បាប់ថ្មីនេះត្រូវបានអនុវត្តនៅខែមិថុនាឆ្នាំ២០២៣ដែលចែងថាប្រើតែវិធីសាស្រ្តអន្តរជាតិនៃការរាប់អាយុនោះអាយុប្រជាជនកូរ៉េនឹងដូចអាយុគេឯងនៅលើពិភពលោកដែរ។

តំណាងរាស្ត្រមកពីគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច លោក Yoo Sang-bum បានប្រាប់សភាថា ៖«ការកែសម្រួលនេះគឺមានគោលបំណងកាត់បន្ថយការចំណាយលើសេដ្ឋកិច្ចសង្គមដែលមិនចាំបាច់ ពីព្រោះជម្លោះផ្លូវច្បាប់ និងសង្គម ក៏ដូចជាការភ័ន្តច្រឡំនៅតែបន្តកើតមានដោយសារវិធីផ្សេងគ្នានៃការគណនាអាយុ»។

Jeong Da-eun បុគ្គលិកការិយាល័យអាយុ២៩ឆ្នាំសប្បាយចិត្តនឹងការផ្លាស់ប្តូរនេះ ដោយនិយាយថានាងតែងតែគិតពីរដងនៅពេលដែលគេសួរពីអាយុរបស់នាង ពិសេសពេលនាងទៅក្រៅប្រទេសម្ដងៗ។៖«ខ្ញុំចាំថាជនបរទេសសម្លឹងមកខ្ញុំដោយភាពងឿងឆ្ងល់ ព្រោះវាចំណាយពេលយូរណាស់ដើម្បីត្រលប់មកវិញជាមួយនឹងចម្លើយថាខ្ញុំអាយុប៉ុន្មាន។ អ្នកណាមិនស្វាគមន៍ការទទួលបានក្មេងជាងមួយឆ្នាំឬពីរឆ្នាំ?»

ដោយ៖វណ្ណ ស័ក្ដិ

ads banner