អាមេរិក ជំរុញការលក់អាវុធបន្ថែមទៀត ទៅឱ្យវៀតណាម

អាមេរិក៖ សហរដ្ឋអាមេរិក កំពុងប្រឹងប្រែង បង្កើន ការលក់អាវុធទៅឱ្យវៀតណាម នៅខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ ពាណិជ្ជកម្ម វិស័យការពារ អន្តរជាតិ ទ្រង់ទ្រាយធំ លើកដំបូង របស់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ។

ព្រឹត្តិការណ៍ ដែលត្រូវប្រារព្ធឡើង រហូតដល់ថ្ងៃទី១០ ខែធ្នូនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការពង្រីកការផ្គត់ផ្គង់អាវុធរបស់ខ្លួន ។

ចាប់តាំងពីសហរដ្ឋអាមេរិក លុបចោលការហាមឃាត់ លើការលក់អាវុធទៅឱ្យវៀតណាម ក្នុងខែឧសភាឆ្នាំ ២០១៦ មក ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើន រួមមានដូចជា យន្តហោះ គ្មានមនុស្សបើក ScanEagle ចំនួន៦ គ្រឿង និងយន្តហោះហ្វឹកហាត់ Beechcraft T-6 Texan II ចំនួន ១២ គ្រឿង ។

លោកឧត្តមសេនីយ ជេរ៉េដ ហេលវីក (Jered Helwig) អគ្គបញ្ជាការនៃកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិក បាន និយាយថា ៖ «យើង សម្លឹង រក ការ បន្ត នូវ អ្វី ដែល យើង បាន ធ្វើ និង ពង្រីក សក្តានុពល ក្នុង ល្បឿន ណា ដែល វៀតណាម ចង់ ទៅ»។

គួរជ្រាបថា យន្តហោះប្រភេទ T-6 ចំនួន ៣គ្រឿងដំបូង នឹងត្រូវដឹកបញ្ជូនទៅឱ្យវៀតណាមនៅឆ្នាំ ២០២៤ ចន្លោះខែមីនា និងខែមិថុនា ។ ហើយការប្រគល់យន្តហោះ T-6 ដែលនៅសេសសល់ទៅឱ្យ ទីក្រុងហាណូយ នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៤ និង ២០២៧ ។ នេះ បើតាមមន្ត្រីយោធាអាមេរិកម្នាក់ ប្រាប់សារព័ត៌មាន CNA ។

ចំណែក យន្តហោះចម្បាំង ScanEagle UAVs ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់ប្រទេសវៀតណាម នៅពេលដែលឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសនេះ បានបញ្ចប់ការបណ្តុះបណ្តាលលើប្រតិបត្តិការ យន្តហោះ គ្មានមនុស្សបើក ។

គួរបញ្ជាក់ជូនដែរថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ឱ្យវៀតណាម នូវ នាវាដ៏ធំ (Hamilton-class cutters) ចំនួនពីរគ្រឿង ដើម្បីបង្កើនសមត្ថភាព របស់វៀតណាម ក្នុងការ យាមល្បាត នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ។ សហរដ្ឋ អាមេរិក បាន បន្ថែម ថា កិច្ច ចរចា កំពុង តែ ដំណើរការ សម្រាប់ ការ បញ្ជូន នាវាប្រភេទ Hamilton-class ទី ៣ ទៅឱ្យ ប្រទេស វៀតណាម ។

ទន្ទឹមនេះ ក្រុមអ្នកជំនាញបាននិយាយដែរថា ការទិញយន្តហោះហ្វឹកហាត់ របស់អាមេរិក ពីសំណាក់ វៀតណាម គឺជាសញ្ញាបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងទិញយន្តហោះចម្បាំងពីអាមេរិកទៀត នាពេលអនាគត ៕ ដោយ៖ លី លីយ៉ា

ads banner