មុខតំណែងប្រធានរតនាគារខេត្តបន្ទាយមានជ័យ ត្រូវបានផ្លាស់ប្តូរដោយ ប្រធានចាស់ចូលនិវត្តន៍ អនុប្រធានឡើងជំនួស

បន្ទាយមានជ័យ ៖ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងនិងចូលកាន់ភារកិច្ចនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំធំ សាលាខេត្ត លោក យុត ស្វីនី ប្រធានរតនាគារខេត្តបន្ទាយមានជ័យ ដែលត្រូវចូលនិវត្តន៍បានឱ្យដឹងថា រតនាគារ ជាគណនេយ្យករផ្ទាល់ចំណុះអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចត្រួតពិនិត្យនិងប្រតិបត្តិការចំណូល-ចំណាយថវិកា ។

លោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គាធិកាដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអានសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំង ១- លោក អឿន ច័ន្ទ វីសុទ្ធ ពីអនុប្រធានរតនាគារខេត្តបន្ទាយមានជ័យ ទៅជាប្រធាន ជំនួសលោក យុត ស្វីនី ដែលត្រូវចូលនិវត្តន៍ ។
២- លោកស្រី សាយ ស្រីណុច ពីប្រធានការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ ជាអនុប្រធាន ជំនួសលោក អឿន ច័ន្ទវិសុទ្ធអនុប្រធាន ដែលឡើងជាប្រធានរតនាគារខេត្ត។
៣-លោក ក្លិន កុយ អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក ជាប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកជំនួសលោកស៊ុ សុជាតិ ប្រធានចាស់ ។
៤-លោកស្រី សំ សៅឌី ពីអនុប្រធានការិយាល័យ ឡើងជា ប្រធានការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ ជំនួសលោកស្រីប្រធានចាស់ ។
៥-លោក លឹម រ៉ានី ពីមន្ត្រីការិយាល័យរដ្ឋបាលនិងបុគ្គលិកឡើងជាអនុប្រធានការិយាល័យនេះ ។
៦- លោក មែ សុភារម្យ ពីមន្ត្រីការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ ឡើងជាអនុប្រធានការិយាល័យនេះ ។

លោក អឿន ច័ន្ទ វីសុទ្ធ ប្រធានថ្មីនៃរតនាគារខេត្ត បន្ទាយមាន ជ័យ បានប្តេជ្ញាចិត្តថា នឹងបន្តខិតខំបំពេញតួនាទី ភារកិច្ចដោយមនសិការ សម្បជញ្ញៈ ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយ មានជ័យ និង ឯកឧត្តម ប៉ូ រតនា អនុ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញ ការងាររហូត ចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាដើម្បី ឆ្លើយតបទៅនឹងតម្រូវការងារសង្គម។

ឯកឧត្តម ប៉ូ រតនា អនុ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តថា ប្រធានរតនាគារខេត្ត បន្ទាយមានជ័យ ថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ
ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជា គោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ឃិន គន្ធា

ads banner