សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Bruno BODARD សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក, ឯកឧត្តម Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាច្រើនទៀត ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក រៀបចំឡើងនៅខេត្តព្រះសីហនុ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តី សង្ឃឹម»។

ឯកឧត្តម ថោង ខុន បានបន្តថា ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងទៀតថា ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសកលលោក ដែលចូលរួមក្នុងមហាសន្និបាតរៀបចំដោយកម្ពុជា មានចំនួនសរុបប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ មកពីប្រទេសចំនួន ២១ ជុំវិញពិភពលោក ដូចជា៖ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍ ៣ទៀត មកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចជា៖ ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែល នេះជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍនៃ បណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេស ដែលមានសង្គ្រាម នោះទេ។

សម្ដេចតេជោ បានបន្ដថា កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ ជាពិសេស ប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់កម្ពុជា មាននិរន្តរភាព ដូចដែលបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ គឺ៖ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង, ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍ លំដាប់ខ្ពស់ និងប្រណិត, ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ, ខេត្តកោះកុង ជាគោលដៅអេកូទេសចរណ៍ តំបន់ទេសចរណ៍លំដាប់ពិភពលោក ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការរៀបចំវេទិកាជាតិ តំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សា និងផ្លាស់ប្ដូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអាចកំណត់ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជា បានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាម បណ្តាខេត្តតំបន់ឆ្នេរទាំង៤។ សម្ដេច ក៏ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ សម្ដេច ស្នើឱ្យ លោកប្រធាន ក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និងដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ ។ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានា ដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែងបំពេញការងារ ជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀតនៅក្រុងព្រះ- សីហនុសម្រាប់ដំណើរការ លេខាធិការដ្ឋាននេះ ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានស្វាគមន៍ផងដែរ ចំពោះការរៀបចំ ឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ២០២៣ ឬពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀត របស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា ។ ជាមួយនឹងការបោះឆ្នោត ជ្រើសរើសគណៈប្រតិបត្តិ សម្រាប់អាណត្តិបន្ទាប់ នាឱកាស បិទមហាសន្និបាត, កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោក ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និង សមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ លោក ល្វីស ធីបុល (Louis Thébault) ដែល នឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ បានដាក់ចេញនូវប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាព បានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ សម្តេចបានបន្ថែមថា សន្តិភាព គឺពិតជាមិនអាចខ្វះបាន សម្រាប់ការទ្រទ្រង់ ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើន ផ្តើមចេញពីសន្តិភាពនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោកទាំងមូលខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេសបានយកជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។

សម្ដេចបន្តថា ដើម្បីជំរុញការស្ដា និងលើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន៖ ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner