កម្ពុជារំពឹងថា នឹងមានទេសចរផ្ទៃក្នុង ១១លាននាក់ និងបរទេស ៧លាននាក់ នៅឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា នឹងមានទេសចរផ្ទៃក្នុង ១១លាននាក់ និងបរទេស ៧លាននាក់ នៅឆ្នាំ២០២៣ ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោកទាំងមូលខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេសបានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។

សម្ដេចបន្តថា ដើម្បីជំរុញការស្ដា និងលើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន៖ ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ ២០២៧។

សូមជម្រាបដែរថា មហាសន្និបាតឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះប្រព្រឹត្តិទៅរយៈពេល៦ថ្ងៃពីថ្ងៃទី៩ដល់ថ្ងៃទី១៤ធ្នូដោយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចូលរួមមានប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ មកពីប្រទេសចំនួន២១ ជុំវិញពិភពលោក រួមមាន៖ មកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍ ៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner